
ខេត្តព្រះសីហនុ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកាលានុវត្តភាពសេដ្ឋកិច្ច និងទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូចូលរួមក្នុង សន្និសីទជាន់ខ្ពស់ RCEP នៅខេត្តអានហួយ (Anhui) សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងយុទ្ធសាស្ត្រទាក់ទាញក្រុមហ៊ុនវិនិយោគលំដាប់ខ្ពស់របស់ចិនជិត ៥០ ក្រុមហ៊ុន មកកាន់កម្ពុជា។
ការតភ្ជាប់យុទ្ធសាស្ត្រសេដ្ឋកិច្ចនយោបាយ
នេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ នៅក្នុងវេទិកាអន្តរជាតិ មិនត្រឹមតែជាការស្វែងរកដៃគូពាណិជ្ជកម្មធម្មតានោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីសកម្មភាពការទូតសេដ្ឋកិច្ច យ៉ាងសកម្មរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មខ្លួនទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចគន្លឹះ និងជាច្រកទ្វារសមុទ្រអន្តរជាតិតែមួយគត់របស់កម្ពុជា កំពុងត្រូវបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិ ក្នុងនាមជាទិសដៅវិនិយោគប្រកបដោយសក្តានុពលខ្ពស់ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀង RCEP ដែលជាប្លុកពាណិជ្ជកម្មសេរីធំបំផុតមួយនៅលើពិភពលោក។

ការបង្កើនទំនុកចិត្តលើទីផ្សារ និងការចិញ្ចឹមបីបាច់ទំនោរវិនិយោគនៅក្នុងឱកាសនៃសន្និសីទជាន់ខ្ពស់នោះ ឯកឧត្តម ម៉ាង ស៊ីណេត បានជួបពិភាក្សា និងបង្ហាញពីសក្តានុពលជាក់ស្តែងរបស់ខេត្ត ទៅកាន់តំណាងក្រុមហ៊ុនចិនជិត ៥០ ដែលសុទ្ធសឹងតែជាសហគ្រាសមានសក្តានុពលលើវិស័យឧស្សាហកម្ម កែច្នៃ ឡូជីស្ទីក និងបច្ចេកវិទ្យា។ បទបង្ហាញនេះបានសង្កត់ធ្ងន់លើ៖ អត្ថប្រយោជន៍ខាងភូមិសាស្ត្រនយោបាយសេដ្ឋកិច្ច និង ទីតាំងយុទ្ធសាស្ត្រនៃតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
របងច្បាប់ និងការលើកទឹកចិត្ត ច្បាប់ស្តីពីវិនិយោគថ្មីរបស់កម្ពុជា និងគោលនយោបាយគាំទ្រពិសេសសម្រាប់ ខេត្តគំរូពហុបំណងមួយនេះ។
ទាក់ទិននិងស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចវិញ ខេត្តព្រះសីហនុធានានូវបរិយាកាសវិនិយោគដែលមានសុវត្ថិភាព តម្លាភាព និងភាពប្រាកដប្រជាសម្រាប់ធុរកិច្ចបរទេស។

ខេត្តមានចក្ខុវិស័យវែងឆ្ងាយសម្រាប់ការអភិវឌ្ឍន៍ សកម្មភាពនេះត្រូវបានអ្នកវិភាគសេដ្ឋកិច្ចមើលឃើញថា ជាជំហានដ៏សំខាន់ក្នុងការជំរុញលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសចិនមកកាន់កម្ពុជាឡើងវិញ ជាពិសេសបន្ទាប់ពីការប្រកាសដាក់ចេញនូវវិធានការណ៍ពិសេសៗរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយគម្រោងជាប់គាំងនៅខេត្តព្រះសីហនុ។
ការផ្សារភ្ជាប់រវាងខេត្តព្រះសីហនុ និងខេត្តអានហួយ ក្រោមឆ័ត្រនៃ RCEP នឹងក្លាយជាកាតាលីករ ក្នុងការបំប្លែងតំបន់ឆ្នេររបស់កម្ពុជា ទៅជាមជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្ម និងភស្តុភារកម្មទំនើបនៅក្នុងអាស៊ាន៕ដោយ នីណា ញូស៍











































