(ឡាហាវ៉ាន)៖ អនុរដ្ឋមន្ត្រីការបរទេសគុយបា លោកស្រី Josefina Vidal បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ ថាលោកស្រីមើលឃើញពី ការកើនឡើងហានិភ័យ នៃការឈ្លានពានរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសរបស់លោកស្រី ខណៈកិច្ចចរចារវាងប្រទេសទាំង២កំពុងជាប់គាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់ក្រុមសមាជិកសភាគុយបា ដើម្បីថ្កោលទោសការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើការនាំចូលប្រេងរបស់គុយបា លោកស្រី Vidal ក៏បានចោទប្រកាន់ ដែរថាទីក្រុងវ៉ាស៊ីនតោនកំពុងលាបពណ៌គុបាយជាការគំរាមកំហែងមួយចំពោះសន្តិសុខជាតិអាមេរិក ដើម្បីបង្កើតលេសឈ្លានពានគុយបា។ «គ្រោះថ្នាក់នៃការឈ្លានពាន ដោយយោធាប្រឆាំងនឹងគុយបាបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Vidal។
នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាមេរិកបាន និងកំពុងអនុវត្តការបិទខ្ទប់លើគុយបា តាមរយៈការគំរាមដាក់ទណ្ឌកម្មលើប្រទេសណា ដែលហ៊ានផ្គត់ផ្គង់ប្រេងទៅឱ្យគុយបា ជាហេតុបណ្ដាលឱ្យវិបត្តិថាមពល និងសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងប្រទេសគុយបា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាលោកមានទំនុកចិត្តថាកិច្ចសន្ទនារវាងប្រទេសទាំង២ដែលបានចាប់ផ្ដើមតាំងពីខែមីនាមក នឹងសម្រេចបានលទ្ធផលល្អមួយ។
ប៉ុន្តែក្រុមមន្ត្រីគុយបា បានអះអាងថាពួកគេនឹងមិនអនុញ្ញាត្យមានការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គុយបាទេ និងបានរិះគន់សហរដ្ឋអាមេរិកសម្រាប់ការខ្វះសុច្ឆន្ទៈ៕
































