
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការសង្គ្រោះបឋម» ជូនដល់គណៈកម្មាធិកា និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិរលាក់កង់ជើង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីពង្រឹងសមត្ថភាពដើម្បីឆ្លើយតបនឹងករណីសង្គ្រោះបន្ទាន់ និងបង្កើនសុវត្ថិភាពជូនភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»។
វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅដំណាក់ដំរី តំបន់គោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោកហាវពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

កម្មវិធីនេះបានធ្វើការសម្របសម្រួលដោយលោក ជា ទិត្យ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រួមជាមួយមន្ត្រីជំនាញមកពីការិយាល័យអភិវឌ្ឍន៍សហគមន៍ ការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ មន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៃសហគមន៍មូលដ្ឋានជាច្រើននាក់។
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសង្រ្គោះបន្ទាន់ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមានការឆ្លើយតបនឹងកំណើនទេសចរមកកម្សាន្តនៅភ្នំខ្នងផ្សារដែលមានការកើនឡើងខ្លាំង។ក្រសួងបរិស្ថានចាំបាច់ត្រូវបំពាក់បំប៉នជំនាញសង្គ្រោះបឋមដល់សហគមន៍ដើម្បីរៀបចំខ្លួនដោះស្រាយរាល់ឧបទ្ទវហេតុនានា។
ការបណ្តុះបណ្តាលជួយដល់សហគមន៍ទទួលបានចំណេះដឹងពីបច្ចេកទេសសង្គ្រោះបន្ទាន់ដូចជារបៀបដាក់ជនរងគ្រោះសន្លប់ឱ្យដេកក្នុងទម្រង់សុវត្ថិភាព (Recovery position) ការសង្គ្រោះបឋមពេលមានពស់ចឹកការរុំអបឆ្អឹងបាក់និងការឃាត់ឈាមការជួយសង្គ្រោះបន្ទាន់ក្នុងករណីស្លាក់ឬស្ទះផ្លូវដង្ហើមជាដើម។

តំណាងមន្ត្រីជំនាញក្រសួងបរិស្ថាន បានបញ្ជាក់ថា ការពង្រឹងសមត្ថភាពនេះ គឺដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពទាំងទេសចរ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍតំបន់លម្ហែបៃតងប្រកបដោយនិរន្តរភាព។
ក្រសួងបរិស្ថានបានចាត់ទុកថាការពង្រឹងសមត្ថភាពដល់សហគមន៍មូលដ្ឋាននាពេលនេះជាការប្តេជ្ញាចិត្តយ៉ាងមុតមាំស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជាពិសេសបាននិងកំពុងឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការជំរុញឱ្យមានភាពស្អាត ភាពបៃតង និងការរស់នៅប្រកបដោយចីរភាព តាមរយៈការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ បង្កើនការចូលរួមពីសហគមន៍ និងការការពារនិងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា បច្ចុប្បន្ន តំបន់លម្ហែបៃតង ភ្នំខ្នងផ្សារ ដែលស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយ ដោយសារសក្តានុពលធម្មជាតិ ដ៏ទាក់ទាញបំផុតមួយ ដោយសារ ទេសភាពព្រៃភ្នំ វាលស្មៅ និងជីវៈចម្រុះដ៏សម្បូរបែប៕

































