ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព អញ្ជើញគោរពវិញ្ញាណក្ខន្ធលោក ទឹម រ៉ូ ទីប្រឹក្សាអគ្គលេខាធិការដ្ឋាន ដែលបានទទួលអនិច្ចកម្មក្នុងជន្មាយុ ៥៥ឆ្នាំ

ខេត្តបន្ទាយមានជ័យ៖ គណៈប្រតិភូជាន់ខ្ពស់នៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព (ស.ស.យ.ស) ដឹកនាំដោយ លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម បានអញ្ជើញចូលរួមសម្តែងមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោក ទឹម រ៉ូ ដែលជាទីប្រឹក្សាផ្ទាល់របស់លោកបណ្ឌិតអគ្គលេខាធិការ។
ពិធីគោរពវិញ្ញាណក្ខន្ធនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ហង្ស រ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់ លោក ឆុន វីរៈ ប្រធានសាខាសមាគម(ស.ស.យ.ស)ខេត្តបន្ទាយមានជ័យ ព្រមទាំងសមាជិក សមាជិកា នៃសាខាសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ខេត្តបន្ទាយមានជ័យយ៉ាងច្រើនកុះករ ដើម្បីសម្តែងនូវការដឹងគុណ និងសមានចិត្តអាឡោះអាល័យជាទីបំផុត។


លោក ទឹម រ៉ូ បានទទួលអនិច្ចកម្មកាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ ក្នុងជន្មាយុ ៥៥ ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់លោក គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូប ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការចូលរួមចំណែកការងារសង្គម និងសកម្មភាពមនុស្សធម៌ដើម្បីសន្តិភាព ជាមួយសមាគមនាពេលកន្លងមក។
ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកបណ្ឌិត ឌីម សុខុន ព្រមទាំងគណៈប្រតិភូទាំងអស់ បានពាំនាំនូវសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយយ៉ាងខ្លាំងបំផុតពីសំណាក់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ជូនចំពោះក្រុមគ្រួសារសព និងបានឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធរបស់ លោក ទឹម រ៉ូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕