
ខេត្តឧត្តរមានជ័យ៖ នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារ ដឹកនាំដោយ ហង្ស រ៉ាត់ ទីប្រឹក្សា និងជាតំណាងដទៃខ្ពស់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តីប្រធានសមាគម លោក ឆុន វិរៈ ប្រធានសាខា សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពខេត្តបន្ទាយមានជ័យ រួមជាមួយ ក្រុមការងារសមាជិកសមាជិការនៃសមាគមនិងសប្បុរសជន បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ដែលជាអំណោយសប្បុរសធម៌ ទៅប្រគល់ជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខ ស្ថិតក្នុងភូមិដង្កោតាប៉ុក ឃុំបេង ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ។
សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកសម្រាលការលំបាក ក៏ដូចជាការបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខជូនជាតិមាតុភូមិ។
សម្ភារៈ និងគ្រឿងឧបភោគបរិភោគដែលបាននាំយកទៅប្រគល់ជូននាពេលនោះ រួមមាន៖
ទឹកបរិសុទ្ធ (ជាច្រើនកេស)
ភេសជ្ជៈ និងទឹកក្រូច
នំប៉័ង និងនំធុង
ស៊ុតទា
ប្រេងឆា និងទឹកស៊ីអៀវ
រួមទាំងថ្នាំសង្កូវ និងសម្ភារៈវេជ្ជសាស្ត្រចាំបាច់មួយចំនួនទៀត។
នៅក្នុងឱកាសនោះដែរ តំណាងវីរកងទ័ពជួរមុខ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមការងារសមាគម ក៏ដូចជាសប្បុរសជនទាំងអស់ ដែលតែងតែនឹកគិត និងផ្តល់ការឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខនាពេលនេះ។ លោកក៏បានជូនពរដល់ក្រុមការងារ និងសប្បុរសជនទាំងអស់ ឲ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យក្នុងគ្រប់ភារកិច្ចការងារ ក៏ដូចជាការប្រកបមុខរបរអាជីវកម្មផ្សេងៗផងដែរ។
សកម្មភាពនេះមិនត្រឹមតែជាការជួយឧបត្ថម្ភផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការលើកទឹកចិត្តយ៉ាងធំធេងដល់ស្មារតីរបស់បងប្អូនកងទ័ពជួរមុខ ឲ្យកាន់តែមានភាពរឹងមាំក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីជាតិមាតុភូមិបន្តទៀត៕ដោយ រ៉ី នោរៀ




































