រុស្ស៊ីប្រាប់អឺរ៉ុបថា ខ្លួនបើកចំហរសម្រាប់ការចរចា ប៉ុន្តែមិនទទួលយកការដាក់ឱសានវាទឡើយ 

(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ បានប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ។ ការប្រកាសនេះធ្វើឡើង ខណៈមានសញ្ញាបង្ហាញថា សហភាពអឺរ៉ុប (EU) អាចនឹងចង់ជជែកជាមួយទីក្រុងមូស្គូឡើងវិញ ក្រោយកាត់ផ្តាច់ទំនាក់ទំនងតាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានបញ្ជាក់ថា ភាគីទាំងពីរចាំបាច់ត្រូវតែមានទំនាក់ទំនងគ្នាឡើងវិញ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញជាច្រើន ប៉ុន្តែអឺរ៉ុបត្រូវតែផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្ត្ររបស់ខ្លួនជាមុនសិន។

លោក ប៉េសកូវ បានរិះគន់យ៉ាងចាស់ដៃថា «អឺរ៉ុបមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ ដែលគិតថាការចរចាជាមួយរុស្ស៊ី ត្រូវតែធ្វើឡើងដោយឈរលើជំហរដ៏មានប្រៀបរបស់ខ្លួន ហើយឆ្លៀតឱកាសពេលរុស្ស៊ីទន់ខ្សោយ។ នេះគឺជាកំហុសដ៏ធំបំផុត… ការជជែកបែបនេះ នឹងមិនទទួលបានលទ្ធផលឡើយ»។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានអះអាងថា លោកបើកចំហសម្រាប់ការចរចា ប៉ុន្តែអឺរ៉ុបត្រូវតែជាអ្នកផ្តើមការទាក់ទងមុន ព្រោះពួកគេជាអ្នកកាត់ផ្តាច់ទំនាក់ទំនងមុន។ កន្លងមក EU បានដាក់ទណ្ឌកម្មរុស្ស៊ីរហូតដល់ ២០ជុំរួចមកហើយ ជុំវិញការឈ្លានពានអ៊ុយក្រែន៕