កិច្ចចរចាកម្រិតខ្ពស់ជុំទី១រវាងអាមេរិកនិងអ៉ីរ៉ង់ បិទបញ្ចប់នៅប្រទេសស្វ៉ីស

(ឌូបៃ)៖ កាតានិងប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួលបានឱ្យដឹងថា កិច្ចពិភាក្សាជុំដំបូងរវាងក្រុមមន្រ្តីជាន់ខ្ពស់អាមេរិកនិងអ៉ីរ៉ង់នៅប្រទេសស្វ៉ីស បានបិទបញ្ចប់នាថ្ងៃចន្ទនេះ បន្ទាប់ពីវាបានចាប់ផ្តើមបរិយាកាសតានតឹង ដោយសារតែសេចក្តីប្រកាសរបស់ទីក្រុងតេហេរ៉ង់ អំពីការបិទ​ច្រកសមុទ្រ Hormuz សាជាថ្មី ហើយនិងការព្រមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្តីពីការវាយប្រហារអ៉ីរ៉ង់ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦។

សេចក្តីថ្លែងការណ៍រួមពីកាតានិងប៉ាគីស្ថាន បាននិយាយថា អាមេរិកនិងអ៉ីរ៉ង់បានយល់ស្របលើផែនការឆ្ពោះទៅសម្រេចឱ្យបាន កិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល៦០ថ្ងៃ។ ស្របពេលដែលកិច្ចពិភាក្សាកម្រិតខ្ពស់បានបិទបញ្ចប់ ការពិភាក្សាកម្រិតបច្ចេកទេស នឹងបន្តពេញមួយសប្តាហ៍នេះ នៅរីសត Burgenstock នៃប្រទេសស្វ៉ីស។

តាមសេចក្តីថ្លែងការណ៍ខាងលើ ក៏មានការព្រមព្រៀងគ្នាផងដែរ ​ចំពោះការបង្កើតយន្តការដើម្បីបិទបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ និងការបើកខ្សែបណ្តាញទំនាក់ទំនងមួយ ដើម្បីជួយធានាសុវត្ថិភាព​ដល់ការធ្វើនាវាចរណ៍របស់កប៉ាល់ពាណិជ្ជកម្ម កាត់តាមច្រកសមុទ្រ Hormuz។

អនុប្រធានាធិបតីអាមេរិក លោក JD Vance បានបើកកិច្ចពិភាក្សាជាមួយក្រុមមន្រ្តីអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រោមលក្ខខណ្ឌនៃអនុស្សរណៈយោគយល់ ដែលភាគីទាំងពីរបានឈានដល់កាលពីសប្តាហ៍មុន ដើម្បីបន្តបទឈប់បាញ់ផុយស្រួយ តាំងតែពីខែមេសាមក សម្រាប់រយៈពេលយ៉ាងហោច ៦០ថ្ងៃទៅមុខទៀត។ កិច្ចពិភាក្សានោះ បានបន្តឆ្លងចូលដល់​វេលាទាបភ្លឺថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) មុនបិទបញ្ចប់។

ក្នុងការបង្ហោះសារលើបណ្តាញសង្គម រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បាននិយាយថា កិច្ចពិភាក្សាជាមួយអាមេរិក សម្រេចបានវឌ្ឍនភាពធំ ក្រោមកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរបស់កាតា និងប៉ាគីស្ថាន។ លោក Araqchi បានអះអាងថា ប្រទេសរបស់លោក ធានាបាននូវការលើកលែងចំពោះការនាំចេញប្រេងនិងគីមីឥន្ធនៈ ការដោះលែងទ្រព្យសម្បត្តិមួយចំនួនដែលត្រូវបានបង្កក ហើយនិងការចាប់ផ្តើមផែនការជួសជុលស្ថាបនានិងអភិវឌ្ឍន៍ឡើងវិញ សម្រាប់អ៉ីរ៉ង់៕