រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល ប្រកាសថាទាហានអ៉ីស្រាអែលនៅលីបង់​ អាចធ្វេីសកម្មភាពដោយសេរី ប្រសិនបេីរងការគំរាមកំហែង

(ហ៊្សេរុយសាឡិម)៖ នាថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បាននិយាយថា ទាហានអ៉ីស្រាអែលមានសេរីភាពក្នុងការធ្វើសកម្មភាពដោយគ្មានការរឹតត្បិត ដើម្បីលុបបំបាត់ការគំរាមកំហែងនៅលីបង់ ហេីយថាទាហាននៅតែស្ថិតក្នុងទីតាំងដែលអ៉ីស្រាអែលចាត់ថ្នាក់ជាតំបន់ការពារសន្តិសុខ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Katz បញ្ជាក់ថា ទាហានអ៉ីស្រាអែលនឹងនៅគ្រប់ទីតាំងនៃតំបន់សន្តិសុខ ដែលលាតសន្ធឹងប្រហែល ១០គីឡូម៉ែត្រទៅកាន់ភាគខាងត្បូងលីបង់។ អ៉ីស្រាអែលនិយាយថាការឈរជេីងនៅទីនោះគឺដើម្បីការពារសហគមន៍អ៉ីស្រាអែល ដែលស្ថិតនៅខាងជើងប្រទេស។

អ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅលីបង់ បានយល់ព្រមលើបទឈប់បាញ់មួយកាលពីថ្ងៃសុក្រ។ នេះបេីតាមមន្ត្រីអាមេរិក។

ប៉ុន្តែនៅថ្ងៃសៅរ៍​ ការវាយប្រហាររបស់អ៉ីស្រាអែល បានបណ្តាលឱ្យមនុស្សចំនួន ២០នាក់ស្លាប់នៅលីបង់​ ដោយអ៉ីស្រាអែលនិយាយថា វាគឺជាការឆ្លើយតបទៅនឹងការបាញ់ផ្លោងដោយក្រុមហេសបូឡា មកលេីកងទ័ពរបស់ខ្លួននៅភាគខាងត្បូងលីបង់៕