តំណាងមន្ត្រីព័ត៌មាន៖ សិក្ខាសាលាថ្ងៃដំបូងនៅរដ្ឋធានីប៉េកាំង បានពង្រីកការប្រាស័្រយទាក់ទងគ្នា រវាងមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាននៃបណ្តាប្រទេសតំបន់ភាគខាងត្បូង

(ប៉េកាំង)៖ ក្រោយបញ្ចប់សិក្ខាសាលាក្នុងថ្ងៃដំបូងស្តីពី «មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានមកពី​បណ្តា​ប្រទេសនៃតំបន់ភាគខាងត្បូង» ចំនួន១២ប្រទេស ​​នៅរដ្ឋធានីប៉េកាំង ប្រទេសចិន លោក ជួន ចាន់ភារុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ តំណាងគណៈ​ប្រតិភូ​មន្ត្រី​ក្រសួងព័ត៌មានមើលឃើញថា សិក្ខាសាលានេះជាការលើកកម្ពស់ការប្រាស័្រយទាក់ទងគ្នា រវាង​មន្ត្រី​ព័ត៌មាន និងអ្នកសារព័ត៌មានដែលមកពីបណ្តាប្រទេសតំបន់ភាគខាងត្បូង។

សិក្ខាសាលាស្តីពី «មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានមកពីបណ្តាប្រទេស នៃតំបន់ភាគខាងត្បូង (Seminar on News Officials and Journalists from the Global South)» ត្រូវបាន​ចាប់ផ្តើមនាថ្ងៃទី២៣​ ខែមិថុនា ឆ្នាំ២០២៦។ ពិធីបើកសិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី Zhou Jihong អគ្គនាយិកា នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាល​វិទ្យុ និងទូរទស្សន៍ជាតិចិន (NRTA) រួមជាមួយលោក He Dongbo អនុប្រធានគ្រប់គ្រងទូទៅ នៃ​ក្រុមហ៊ុនសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសផ្សព្វផ្សាយអន្តរជាតិ (CBIC)។

ក្នុងឱកាសនោះ លោក ជួន ចាន់ភារុណ តំណាងគណប្រតិភូមន្ត្រីព័ត៌មាន បានលើកឡើងថា សិក្ខា​សាលានេះ មានគោលបំណងលើកកម្ពស់ការប្រាស័្រយទាក់ទងគ្នា រវាងមន្ត្រីព័ត៌មាន និងអ្នកសារ​ព័ត៌​មាន ដែលមកពីបណ្តាប្រទេស Global South ដែលអាចធ្វើឱ្យទំនាក់ទំនងនេះ សម្រាប់ប៉ុន្មាន​ថ្ងៃ​ខាង​មុខទៀត នឹងជួយឱ្យយល់ពីគ្នាទៅវិញទៅមក ជាពិសេសការប្រាស័យទាក់ទងគ្នា រវាងអ្នកចូល​រួម ដែលមកពីបណ្តាប្រទេសទាំង១២ប្រទេសនៃតំបន់ភាគខាងត្បូង។

«សិក្ខាសាលានេះ ខ្ញុំសង្កេតឃើញថា គេបានបង្ហាញពាក់ព័ន្ធទ្រឹស្តី ផ្សាភ្ជាប់នឹងការអនុវត្ត ដោយ​ខ្ញុំសង្ឃឹម​ថា មន្ត្រីនៃប្រទេសកម្ពុជាយើង នឹងយកបទពិសោធន៍ ដែលយើងសិក្សាយកទៅអនុវត្ត​ផ្ទាល់ ក្នុងស្ថាប័នរបស់ខ្លួន»។ ការបញ្ជាក់របស់លោក ជួន ចាន់ភារុណ។

សូមបញ្ជាក់ថា ក្រសួងព័ត៌មាន បានចាត់ថ្នាក់ដឹកនាំ និងមន្ត្រីចំនួន៧រូប ដើម្បីចូលរួមសិក្ខាសាលា ស្តីពី «មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន មកពីបណ្តាប្រទេស នៃតំបន់ភាគខាងត្បូង (Seminar on News Officials and Journalists from the Global South)» នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ មន្ត្រីទាំង៧រូបនោះ​រួម​មាន ១៖ លោក ជួន ចាន់ភារុណ អគ្គនាយករង, ២៖ លោក ស្រី វ៉ានធា អគ្គនាយករង, ៣៖ លោក លី ចន្ថា អគ្គនាយករង, ៤៖ លោក ហុក សុខរិន ប្រធាននាយកដ្ឋាន, ៥៖ លោក ប៉ែន សុខុម ប្រធាន​នាយកដ្ឋាន, ៦៖ លោក កែវ ផាន់ណាន ប្រធានការិយាល័យ និង៧៖ លោក ខាត់ ទេវីន ប្រធានការិយាល័យ៕