រដ្ឋបាលខេត្តព្រះសីហនុ បើកដំណើរការកម្មវិធីព័ត៌មានវិទ្យាសម្រាប់ផ្តល់សេវានៅច្រកចេញចូលតែមួយ

ខេត្តព្រះសីហនុ ៖ នៅសាលប្រជុំនៃ សាលាខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ច ប្រជុំផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត។

កិច្ចប្រជុំនេះត្រូវបាន ប្រព្រឹត្តធ្វើឡើង នៅរសៀល ថ្ងៃទីចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ នេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ឈិន សេងងួន អភិបាលរងនៃគណ:អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា៖ ដើម្បីធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលនៅតាមអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃបានរៀបចំកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលកម្មវិធីនេះមានអត្ថប្រយោជន៍សម្រាប់កត់ត្រាទិន្នន័យរួមមានចំនួនសេវា ចំណូលសេវា និងការតាមដានអំពីដំណើរការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយ។ ទន្ទឹមនេះ ប្រជាពលរដ្ឋក៏អាចពិនិត្យមើលអំពីរយៈពេលនៃការពិនិត្យសម្រេចលើសំណើសុំសេវារបស់ខ្លួនតាមដំណាក់កាលនីមួយៗ តាមប្រព័ន្ធទូរស័ព្ទដៃផងដែរ។ បច្ចុប្បន្ន កម្មវិធីព័ត៌មានវិទ្យានេះត្រូវបានអភិវឌ្ឍចប់សព្វគ្រប់ និងត្រូវ
បានយកមកបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំអង្គភាព និងអ្នកពាក់ព័ន្ធ អំពីរបៀបនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យារួចរាល់ហើយ។

លោក ឈិន សេងងួន បានបន្តថា៖ ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រើប្រាស់ និងការដាក់ឱ្យដំណើរការកម្មវិធីព័ត៌មានវិទ្យាខាងលើនៅតាមអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រសួងមហាផ្ទៃ ធ្វើការណែនាំអោយរដ្ឋបាលរាជធានី ខេត្តត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងនិងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នេះតទៅ។

លោក ឈិន សេងងួន ក៏មានប្រសាសន៍ ផ្តាំផ្ញើ អោយ សិក្ខាកាមចូលរួម ប្រជុំទាំងអស់ យកចិត្តទុកដាក់ តាមការណែនាំ ក្នុងខ្លឹមសារ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តនេះអោយបានយល់ដឹង គ្រប់ៗគ្នា៕ដោយ ៖ មនោរាហ៍