ប្រតិភូគណៈកម្មការទី៣ចុះបំពេញបេសកកម្មសិក្សានិងធ្វើសម្រង់ព័ត៌មាននានាដែលពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃច័ន្ទ ១៣កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ខែសីហា ឆ្នាំ២០២០ នេះ នៅសាលប្រជុំតូច នៃ សាលាខេត្តព្រះសីហនុ គណៈ កម្មការផែនការវិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា បេីកកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម សូ ជុងហួរ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈប្រតិភូព្រឹទ្ធសភា លោកអភិបាលរង លោកនាយករដ្ឋបាល មន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈ អភិ បាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖ |. ស្ថានភាពទូទៅ ខេត្តព្រះសីហនុ ជាតំបន់ប៉ូលអភិវឌ្ឍជាតិមួយដ៏សំខាន់នៅតំបន់ឆ្នេរសមុទ្រកម្ពុជា មានចម្ងាយ ២៣០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤ និងចម្ងាយ២៦០ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣មានផ្ទៃក្រឡាសរុបប្រមាណ ២.៦៥៩ គីឡូម៉ែត្រក្រឡាមានកោះធំ-តូចចំនួន ៣២ មានផ្ទៃក្រឡា១៦២,៣៩ គីឡូម៉ែត្រក្រឡា ឆ្នេរសមុទ្រប្រវែង ១៧៥,៨១ គីឡូម៉ែត្រ មានប្រជាពលរដ្ឋសរុបចំនួន០២.៨៨៧ នាក់ ស្រី១១១.៣១២ នាក់ (ទិន្នន័យជំរឿនឆ្នាំ២០១៩) ចែកចេញជា២ក្រុង ៣ស្រុកមាន ២៣ឃុំ-៦សង្កាត់ ស្មើនឹង១១១ភូមិ ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ជាមួយនិងការកម្សាន្ត តាមឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាត កំពង់ផែអន្តរជាតិ អាកាសយាន ដ្ឋានអន្តរជាតិ និងធនធានធម្មជាតិដ៏សម្បូរបែប ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណនិងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យ ខឿនការពារជាតិរបស់ប្រជាជន និងខឿនសន្តិសុខជាតិត្រូវបានពង្រឹងយ៉ាងរឹងមាំ និងបានធានាដល់កិច្ចការពារបូរណភាពទឹកដី កិច្ចការពារ ថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយបានភាពក្រីក្រ ព្រមទាំងលើកកម្ពស់ការអនុវត្តគោល ការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស ។ បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា កំពុងរស់ នៅ ក្នុងភាពសុខដុមរមនា ក្រោមដំបូល សន្តិភាព ។

ស្ថិតក្នុងបរិយាកាសប្រកបដោយភាពអំណោយ ផល រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីរៀបចំនិងអភិវឌ្ឍ ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើ រមណីយដ្ឋាន ឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និង ជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹបរិស្ថាន រស់នៅល្អប្រសើរ ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិសាស្ត្រនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងយុទ្ធសាស្រ្ត ចតុកោណ គោលនយោបាយជាតិស្តីពីការរៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជាគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា និងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាល ។ ខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមជា “តារារះនាទិសនិរតី” ជាមួយនឹសន្ទុះ នៃការអភិវឌ្ឍដ៏ខ្លាំងក្លានិងប្រកបដោយចីរភាពជា ពិសេសការវិនិយោគលើវិស័អចលនទ្រព្យ _ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់ នៅ រួម និងសណ្ឋាគារ មណ្ឌលកំសាន្ត ។ ល។ការកែលម្អនិងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេសកម្ពុជា និងការពង្រីក អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុឱ្យក្លាយទៅជាច្រកចេញចូលអន្តរជាតិដ៏ទំនើប និង មានប្រសិទ្ធភាពសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងពិភពលោក ។

អនុវត្តតាម សារាចរណ៍ណែនាំ បទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា សេចក្តីណែនាំ និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្រសួង
-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត បានដាក់ចេញនូវ វិធានការបង្ការ ការពារ ទប់ស្កាត់ គ្រប់គ្រង និងប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ឆ្លើយតបបានទាន់ពេលវេលា នៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ សាលារៀន ផ្សារ វត្តអារាម វិហារសាសនាមូលដ្ឋានអាជីវកម្ម រោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន និងនៅតាមកន្លែងកម្សាន្តសប្បាយនានា ទូទាំងខេត្តព្រះសីហនុ និងមានការជួយឧបត្ថម្ភគាំទ្រជាថវិកា គ្រឿងឧបភោគបរិភោគនិងសម្ភារវេជ្ជសាស្រ្តជាបន្តបន្ទាប់ពីសំណាក់ សប្បុរសជនជាតិ-អន្តរជាតិ ។

ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានយកសំណាកទៅធ្វើតេស្តសរុបចំនួន១១.៦៥៨ សំណាក ។ អ្នកឆ្លងជំងឺកូវីដ ១៩ នៅខេត្តព្រះសីហនុ សរុបមានចំនួន ៤នាក់ បានជាសះស្បើយ និងបានវិលត្រលប់ទៅលំនៅដ្ឋាន និងប្រទេសកំណើតរបស់ខ្លួនវិញអស់ហើយ ។
II. សមិទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តព្រះសីហនុសម្រេចបាន រួមមាន៖

១. គម្រោងស្ថាបនាផ្លូវអាទិភាពក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ចេញនូវគោលការណ៍ស្លឹកត្នោតខ្ចប់ស្ករត្នោត និងដកថវិកាសន្សំរបស់ជាតិចំនួន ១០០លានដុល្លាសម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៤ ខ្សែ ប្រវែង៨២.៥៧៤ ម៉ែត្រ និងផ្លូវចំនួន១១ខ្សែ ទៀត ប្រវែង៥៩.១៦២ ម៉ែត្រ ព្រមទាំងការស្តារអូរប្រឡាយធម្មជាតិ ចំនួន៥ខ្សែ នៅខេត្តព្រះសីហនុ ។

ក. ការអនុវត្តគោលការណ៍ ស្លឹកត្នោត ខ្ចប់ស្ករត្នោតសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនឯកឧត្តមជាសុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដោយមានការសហការចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៤ ខ្សែ គិតចាប់ពីថ្ងៃបើកការដ្ឋាន នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន សម្រេចបានប្រមាណ ៩៩.៩២%ដោយមិនគិតបញ្ចូលការងារអ៊ុតកៅស៊ូ គំនូសសញ្ញាចរាចរណ៍ ដាំដើមឈើ បំពាក់កាមេរ៉ាសុវត្ថិភាព និងបង្គោលភ្លើងស្តុបចរាចរណ៍ ។

ក្នុងនោះ
-មហាវិថី មាន៣ខ្សែ ប្រវែង ២២.៧៣១ ម៉ែត្រ ។
-វិថី មាន១៤ខ្សែ ប្រវែង ៤៩.៩៥៧ ម៉ែត្រ ។
-អនុវិថី មាន១៧ខ្សែ ប្រវែង ១១.៨១៧ ម៉ែត្រ ។
– រង្វង់មូលមានចំនួន ៣ទីតាំង គឺរង្វង់មូលព្រះសិវៈ នាងឧមាវតី រង្វង់មូលព្រះថោងនាងនាគនិងរង្វង់មូលសីហរាជមុខបី ។
-ការរៀបចំប្រព័ន្ធលូសងខាងផ្លូវទាំង៣៤ខ្សែ (សម្រេចបាន១០០%) ។
ការងារកំពុងបន្តធ្វើ
-រៀបកម្រាលថ្មក្រានីត សម្រាប់ផ្លូវថ្មើរជើង ចំនួន ៨៦២.២៥៤ម៉ែត្រក្រឡា
(សម្រេចបាន ២០.៣១%)
-ខឿនថ្មក្រានីតផ្លូវប្រវែង ២០៨.១៦៥ ម៉ែត្រ (សម្រេចបាន ៨២.០១%)
-កម្រាលសម្រាប់ជនមានពិការភាពចំនួន ២៨.១៦២ម៉ែត្រក្រឡា
-បំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ៥៣៣ គ្រឿង
-ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៤.៨៤៥ បង្គោល (សម្រេចបាន ៦៤.១០%)
-បំពាក់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត (Smart Streetight Heads) របស់ក្រុមហ៊ុនមីនេបៀMinebea ចំនួន ៥.៥០០ អំពូល (សម្រេចបាន ៥២.៨៦%)
-ចម្លាក់បដិមាសម្រាប់រង្វង់មូលចំនួន ៣ទីតាំង គឺរង្វង់មូលព្រះសិវៈ នាងឧមាវតី ស្ថិត
នៅចំណុចប្រសព្វរវាងមហាវិថីរាម និងមហាវិថីឆ្នេររាម រង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅចំណុចប្រសព្វគ្នារវាង មហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម និងរង្វង់មូលសីហរាជ មុខបីស្ថិតនៅចំណុចប្រសព្វគ្នារវាងផ្លូវជាតិលេខ៤ និងវិថីជោតញ្ញាណ ។
– អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន២ទីតាំងដែលទី១នៅសណ្ឋាគារ Sunshine Bay មាន
សមត្ថភាពគ្រោះ ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន២០% និងទី២នៅក្បែរសណ្ឋាគារសុខាមានសមត្ថភាពចោះ ៧.២០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន១០% ។
– បានរៀបចំគូរប្លង់បន្ទប់ទឹកសាធារណៈចំនួន១៤ កន្លែងរួចរាល់ ។
– ដាំដើមផ្កាក្រដាស ចំនួន ៦០.២០០គុម្ព នៅតាមមេដ្យានទ្រូងមហាវិថីទាំង៣ និងដើមឈើចំនួន ៨ប្រភេទស្មើនឹង ១៥.៦៥០ដើមនៅសងខាងផ្លូវរួមមាន ៖
១.ដើមរាជព្រឹក្ស ចំនួន ៣.៣៨០ ដើម
២.ដើមផ្កាចា ចំនួន ៣.៧៦៥ ដើម
៣.ដើមនាងនួន ចំនួន ២.៩៤០ដើម
៤.ដើមធ្នង់ ចំនួន ១.៧៣០ដើម
៥.ដើមឥន្ទនេល ចំនួន ១.៩២៥ ដើម
៦.ដើមក្ងោក ចំនួន ៨៨០ដើម
៧.ដើមបូរព្រឹក្ស ចំនួន៦៥០ដើម
៨.ដើមរំដួល ចំនួន ៣៨០ដើម
ខ.ការប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិចំនួន ១០០លានដុល្លារ សម្តេច តេជោនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ចាត់ចែងដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តព្រះសីហនុ ដោយមានក្រសួងសាធារណការ និងដឹកជញ្ជូនជាអ្នកអនុវត្តគម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែ រួមមានផ្លូវ ១៤៦បេ កំណាត់ផ្លូវជាតិលេខ៤ ផ្លូវក្រុង ៧ខ្សែ និងផ្លូវលេខ ២០០ ផ្លូវលេខ១០៤សរុបប្រវែង ៥៩.១៦២ ម៉ែត្រ សម្រេចបានប្រមាណ ១០% និង ស្តារអូរ ប្រឡាយធម្មជាតិរួមមានអូរឈើទាលនិងខ្នែងប្រវែង ១៦.៤៦០ម៉ែត្រ និងស្តារអូរធម្មជាតិ៥ខ្សែ (អូរអេម៉ារីអូ អូរអណ្តូងអ៊ុនតាក់ អូរសំអាតអូរស្ពានឆេះ និងស្តារអូរបន្ថែម) ប្រវែង ១១.០៨៧ ម៉ែត្រ សម្រេចបានប្រមាណ ៧០% ។
២-ការងាររៀបចំឆ្នេរសមុទ្រ
-បានរៀបចំ ចាត់ចែងកែលម្អ សម្អាតឆ្នេរសមុទ្រ ដោយចាក់បំពេញខ្សាច់ស សម្រាប់សាធារណជននិងភ្ញៀវទេសចរចេញ-ចូលកម្សាន្តជាសាធារណៈ បានប្រវែង ១៧.៦៩០ម៉ែត្រ ។
-បានរៀបចំខុសតាមគំរូបានចំនួន ៤៣ ខុស ។
– បានចុះរុះរើសំណង់ រោង អនាធិបតេយ្យ ធ្វើឱ្យបាត់បង់សណ្ឋាប់ធ្នាប់ និងសោភ័ណភាពតំបន់ឆ្នេរនៅតាមបណ្តោយឆ្នេររួមមាន ៖
ឆ្នេរអូរឈើទាល២ បានចំនួន ១២៦ ទីតាំង (អតីតអារីស្តុន)
ឆ្នេរអូរត្រេះ១ និងអូត្រេះ២ បានចំនួន១៥៦ ទីតាំង ។
ឆ្នេរលម្លែកាយ បានចំនួន ១២ ទីតាំង និងឆ្នេរឯករាជ្យចំនួន ៩ ទីតាំង ។
បានសំអាតកំទេចកំទី និងលប់រណ្តៅបង្គន់លាមកចំនួន ១៣៦ រណ្តៅ ។
ជាមួយនិង សមិទ្ធផលដែលសម្រេចបានគួរជាទីមោទនខាងលើ រដ្ឋបាលខេត្តក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម៖
-ការចូលរួមសហការពីប្រជាពលរដ្ឋលើគម្រោងស្ថាបនាផ្លូវក្រុងអាទិភាព ក្នុងខេត្តនៅមានកម្រិត ។
ផ្លូវក្នុងក្រុងភាគច្រើនទទួលរងការខូចខាតយ៉ាង ធ្ងន់ធ្ងរ។
-ប្រព័ន្ធបង្ហូរទឹកមានលក្ខណៈស្មុគស្មាញ (គ្មានសណ្តាប់ធ្នាប់)។
-ផ្លូវមួយចំនួនត្រូវពុះកាត់ជ្រៀកភ្នំ
-ប៉ះពាល់លើសំយាបផ្ទះប្រជាពលរដ្ឋ
-ប៉ះពាល់ដល់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធខ្សែកាប្តី នានា (នៅក្រោមដី) ដែលបានរៀបចំគ្មានសណ្តាប់ ធ្នាប់
-ប៉ះពាល់ដល់បង្គោលភ្លើងសាធារណៈមួយចំនួន
-ការស្តារអូរប្រឡាយប៉ះពាល់ដល់សំណង់អាណាធិបតេយ្យដែលសាងសង់រំលោភលើនិយាមការអូរ
– ការពង្រីកផ្លូវមួយចំនួនធ្វើអោយប៉ះពាល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ
– ផ្លូវមួយចំនួនកូដខ្ពស់ជាងផ្ទះរបស់ប្រជាជន
– សំណង់ដែលបានសាងសង់រំលោភលើ ចំណីផ្លូវ ចំណីអូរប្រឡាយ
– អាកាសធាតុ តំបន់សមុទ្រ មានភ្លៀងធ្លាក់ច្រើន ធ្វើអោយការងារសាងសង់ជួបផលលំបាក។
– ភ្លៀងធ្លាក់ច្រើនបណ្តាលអោយ កាកសំណល់ដី និងខ្សាច់ ហូរកក ក្នុង លូ អូរ ប្រឡាយ
– ពលរដ្ឋមួយចំនួនបោះចោលសំរាមផ្តេសផ្តាសទៅក្នុងអូរ ប្រឡាយ
– តម្លៃ ពលកម្មខ្ពស់ នឹងកង្វះខាតប្រភពសម្ភារ ដូចជា ដី សក្រួសក្រហម ថ្ម ជាដើម ដែល
ទាមទារឱ្យដឹកជញ្ជូនពីតំបន់ផ្សេងៗ យកមកប្រើប្រាស់នៅខេត្តព្រះសីហនុ ។

ថ្លែងក្នុងប្រសាសន៍ សំណេះសំណាលនេះដែរ៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ទី៣នៃព្រឹទ្ធសភា បានមានប្រសាសន៍ថា៖ គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភាបានមកបំពេញបេសកកម្ម ដើម្បីសិក្សាឈ្វេងយល់និងសម្រង់ព័ត៌មាន ដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅលើទឹកដីនៃខេត្តព្រះសីហនុ ក្នុងថ្ងៃនេះ។ ការសិក្សាឈ្វេងយល់ព័ត៌មានដែលគណៈកម្មការទាំង១០ ទទួលរ៉ាប់រង គឺជាវិធីសាស្ត្រដ៏មានអត្ថប្រយោជន៍បំផុតដើម្បីឆ្លើយតបបានយ៉ាងត្រឹមត្រូវទៅនឹងមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារតំណាងរបស់ព្រឹទ្ធសភា ហើយមុខងារតំណាងឲ្យម្ចាស់ឆ្នោតទាំងមូលក៏អាចអនុវត្តតាមរយៈគណៈកម្មការនានាបានដែរ ពីព្រោះគណៈកម្មការនានាដើរតួជាតំណាងឲ្យស្ថាប័នព្រឹទ្ធសភាទាំងមូល តាមវិស័យដែលជាសមត្ថកិច្ចក្នុងការអនុវត្តមុខងាររបស់គណៈកម្មការសាមីនីមួយៗ។ បេសកកម្មស្វែងរកព័ត៌មានរបស់គណៈកម្មការនីមួយៗ គឺបម្រើឲ្យមុខងារនីតិកម្ម មុខងារត្រួតពិនិត្យនិងមុខងារតំណាងផងដែរ។

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានមានប្រសាសន៍ បន្ថែមថា៖ ចំពោះគោលបំណងនៃប្រតិភូគណៈកម្មការទី៣ ចុះបំពេញបេសកកម្មសិក្សាឈ្វេងយល់និងធ្វើការសម្រង់ ព័ត៌មាន នានាពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅក្នុង
ខេត្តព្រះសីហនុ មានដូចជា ៖
១- ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតសំខាន់ លើសេវាសាធារណៈ
និងលទ្ធផលនៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្នុងខេត្ត និងបច្ចុប្បន្នភាព។
២- ការងារ និងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការ
ដូចជា : ផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ បរិស្ថាន និង
ផ្សេងៗទៀត។
៣-ការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការពង្រឹង
វិស័យនីតិរដ្ឋនៅកម្ពុជា។
៤- ឈ្វេងយល់ អំពី ប្រតិបត្តិការវិស័យឯកជន និងបញ្ហាប្រឈម។
៥- ឈ្វេងយល់ អំពី ការគ្រប់គ្រងនិងចលនាសហគមន៍កសិកម្ម។

បេសកកម្ម សិក្សាឈ្វេងយល់ នឹងធ្វើការសម្រង់ ព័ត៌មាន នានាដែលពាក់ព័ន្ធវិស័យ ជា សមត្ថកិច្ចរបស់គណៈកម្មការនៅខេត្តព្រះសីហនុ គឺបញ្ចប់ ទៅដោយបរិយាកាស សោមនស្សរីករាយផងដែរ៕ ដោយ ៖ មនោរាហ៍