(ហ្សាការតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងព្យាយាមដោះស្រាយបញ្ហាដាច់រចន្តអគ្គិសនី ដែលបង្កឡើងដោយការខ្វះខាតប្រេងឥន្ធនៈដែលបាន និងកំពុងបង្កការរំខានដល់ការរស់នៅប្រជាជន និងសកម្មភាពពាណិជ្ជកម្មនៅតាមផ្នែកជាច្រើននៃខេត្ត West Java, East Java និង Yogyakarta រួមទាំងតំបន់ជាច្រើនទៀតដែលតភ្ជាប់ជាមួយបណ្ដាញផ្គង់ផ្គង់អគ្គិសនី Java-Madura-Bali។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Star។

ការដាច់ចរន្តអគ្គិសនីបានបង្កជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់សហគ្រាសទាំងខ្នាតតូច មធ្យម និងខ្នាតធំ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់អគ្គិសនីជាប់លាប់ ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មរបស់ ពួកគេ។ ការដាច់ចរន្តអគ្គិសនីនៅកន្លែងខ្លះមានរយៈពេលពី៣ ដល់៥ម៉ោង ដែលបង្ខំឱ្យហាងទំនិញជាច្រើនផ្អាកប្រតិបត្តិការ ឬងាកទៅពឹងផ្អែកលើម៉ាស៊ីនភ្លើងប្រើប្រាស់ប្រេងឥន្ធនៈ។
វិបត្តិខ្វះខាតប្រេងឥន្ធនៈបាន និងកំពុងរីករាលដាលនៅទូទាំងកោះធំៗចំនួន៤ របស់ប្រទេសឥណ្ឌូណេស៊ីក្នុងរយៈពេល៣សប្ដាហ៍មកនេះ។ ជាក់ស្ដែង នៅក្នុងទីក្រុង Jakarta Surabaya និងទីក្រុង Medan បានជួបប្រទះការដាច់ចរន្តអគ្គិសនីកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈអាជ្ញាធរឥណ្ឌូណេស៊ីផ្លាស់ប្ដូរលីងផ្គត់ផ្គង់អគ្គិសនីពីតំបន់មួយទៅតំបន់មួយ ដើម្បីបង្ការកុំឱ្យការផ្គត់ផ្គង់ អគ្គិសនីដួលរលំ។ បច្ចុប្បន្ន ការដាច់រចន្តអគ្គិសនីអាចមានរយៈពេលពី៦ ដល់៨ម៉ោង ក្នុងមួយថ្ងៃនៅលើខេត្ត Java និង Sumatra ខណៈកោះ Bali កំពុងប្រឈមនឹងការដាច់រចន្តអគ្គិសនី រយៈពេល ៤ម៉ោង នៅមុនរដូវកាលទេសចរចូលមក៕
































