កូរ៉េខាងត្បូងនឹងបង្វឹកអ្នកចម្បាំងដ្រូន ៥០០ ០០០នាក់ ដើម្បីទប់ទល់នឹងកូរ៉េខាងជើង

(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាកូរ៉េខាងត្បូងនឹងពង្រីកយ៉ាងឆាប់រហ័សនូវសមត្ថភាពដ្រូន រួមទាំងប្រព័ន្ធអាវុធប្រឆាំងដ្រូន ដើម្បីទប់ទល់ជាមួយកូរ៉េខាងជើង ហើយដែលការពង្រីកសមត្ថភាពទាំងនេះនឹងត្រូវធ្វើឡើងតាមរយៈការបណ្ដុះបណ្ដាលអ្នកចម្បាំងដ្រូន ៥០០ ០០០នាក់ និងបំពាក់ដ្រូនរាប់ម៉ឺនគ្រឿងទៅឱ្យគ្រប់អង្គភាពយោធាទាំងអស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រសួងការពារជាតិកូរ៉េខាងត្បូង កូរ៉េខាងត្បូងក៏មានគម្រោងផលិតដ្រូន ១១០ ០០០គ្រឿងឱ្យបានមុនឆ្នាំ២០២៩ផងដែរ ដើម្បីបំពាក់ឱ្យកងទ័ពជើងគោក ជើងទឹក អាកាស និងទាហានម៉ារីន ក្នុងគោលបំណងធ្វើឱ្យដ្រូនក្លាយជាទៅជាអាវុធទូទៅមួយសម្រាប់ទាហានកូរ៉េខាងត្បូងម្នាក់ៗ។ ថ្លែងនៅក្នុងការធ្វើបទបង្ហាញខ្លីមួយ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back បានគូសបញ្ជាក់ដូច្នេះថា «ដ្រូនមិនគួរត្រឹមតែជាអាវុធដែលត្រូវបានប្រើប្រាស់ដោយកងអង្គភាពពិសេសតែប៉ុណ្ណោះទេ តែក៏ត្រូវក្លាយជាអាវុធសម្រាប់កងទ័ពទាំងមូលផងដែរ»

លោកបានបន្ថែមថាទីក្រុងសេអ៊ូលនឹងពឹងផ្អែក ១០០ភាគរយលើការផលិតបរិក្ខារនៅក្នុងស្រុក ជាជាងនាំចូលពីចិនដើម្បីផលិតដ្រូន ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភពីបញ្ហាសន្តិសុខ។

គួរបញ្ជាក់ថា ការប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ធ្វើឡើងចំពេលប្រទេសកូរ៉េទាំង២ កំពុងពន្លឿនកិច្ចប្រឹងប្រែងពង្រឹងសមត្ថភាពដ្រូន ក្រោយដកស្រង់មេរៀនពីសង្រ្គាមអ៊ុយក្រែន និងសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា ដែលបានបង្ហាញថាដ្រូនបានក្លាយជាអាវុធដ៏សំខាន់មួយដែលកំពុងជះឥទ្ធិពលយ៉ាងខ្លាំងនៅលើសមរភូមិក្នុងសង្រ្គាមសម័យទំនើប៕