
ខេតតបន្ទាយមានជ័យ៖ បណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងថ្កោលទោសយ៉ាងខ្លាំង បន្ទាប់ពីមានការចែកចាយឃ្លីបវីដេអូបង្ហាញពីសកម្មភាពម្ចាស់ហាងសាឡនយីហោ «កាកា» ដែលមានទីតាំងស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រើប្រាស់អំពើហិង្សាយ៉ាងអមនុស្សធម៌ទៅលើស្ត្រីមេម៉ាយម្នាក់ដែលជាអ្នកបម្រើការនៅក្នុងផ្ទះរបស់ខ្លួន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ជាធរមាន។
នៅក្នុងឃ្លីបវីដេអូដែលបានបែកធ្លាយ ជនរងគ្រោះដែលជាស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់ បានអង្គុយលើការ៉ូ លើកដៃសំពះអង្វរករសុំក្តីប្រណីទាំងទឹកភ្នែក និងការភ័យខ្លាចជាខ្លាំង។ ទោះជាយ៉ាងណា ម្ចាស់ហាងសាឡនមិនបានយោគយល់ ឬមានចិត្តអាណិតអាសូរឡើយ ដោយបានប្រើពាក្យសម្តីជេរប្រមាថធ្ងន់ៗ រួមទាំងសកម្មភាពទះកំផ្លៀង វាយដំ និងប្រើហិង្សាទៅលើរាងកាយជនរងគ្រោះយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់។
ក្រោយទទួលបានព័ត៌មាន និងភស្តុតាងជាវីដេអូភ្លាមៗ កម្លាំងទីបញ្ជាការដ្ឋានកងរាជវុធហត្ថ ខេត្តបន្ទាយមានជ័យ រួមសហការជាមួយនឹង កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកការស្រាវជ្រាវជាបន្ទាន់ និងឈានទៅដល់ការឃាត់ខ្លួនម្ចាស់ហាងសាឡនរូបនោះមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត។ សកម្មភាពឆ្លើយតបដ៏រហ័សរបស់សមត្ថកិច្ចទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។
ដោយមើលឃើញនៅសកម្មភាពវីដេអូដែលបែកធ្លាយនេះ តាមមតិរបស់ក្រុមអ្នកច្បាប់បានឲ្យដឹងថា៖ ស្ថានទម្ងន់ទោសនៃអំពើហិង្សា
យោងតាម ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា សកម្មភាពប្រើប្រាស់អំពើហិង្សាដោយចេតនាលើអ្នកដទៃ ត្រូវប្រឈមមុខនឹងទោសទណ្ឌយ៉ាងធ្ងន់ធ្ងរដូចខាងក្រោម៖
បទហិង្សាដោយចេតនា មាត្រា ២១៧៖ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល។
ស្ថានទម្ងន់ទោស មាត្រា ២១៨ ៖ប្រសិនបើការប្រើអំពើហិង្សានោះ ត្រូវបានធ្វើឡើងដោយមានការគិតទុកជាមុន ប្រើប្រាស់អាវុធ ឬប្រព្រឹត្តទៅលើបុគ្គលដែលទន់ខ្សោយ (ដូចជាស្ត្រី ឬអ្នកស្ថិតក្រោមបន្ទុក) នោះទោសទណ្ឌនឹងត្រូវកើនឡើង ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០ (បួនលាន) រៀល ទៅ ១០,០០០,០០០ (ដប់លាន) រៀល ។
យោងតាមមតិមហាជនបានឲ្យដឹងថា៖ ករណីនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី និងការការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ពលករ ឬអ្នកបម្រើតាមផ្ទះដែលជាក្រុមងាយរងគ្រោះ ។ ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់លើករណីនេះ គឺជាសារព្រមានមួយយ៉ាងច្បាស់លាស់ថា គ្មានបុគ្គលណាម្នាក់អាចស្ថិតនៅលើច្បាប់ ឬមានសិទ្ធិរំលោភបំពានលើសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិបានឡើយ៕ ដោយ សាធារណៈមតិ































