ថ្ងៃនេះ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពមនុស្សធម៌ចំនួនពីរគឺ៖…

សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ជូនវីរកងទ័ពជួរមុខនៅតំបន់បឹងត្រកួន ព្រមទាំងអំពាវនាវរកការគាំទ្រពីសប្បុរសជន

ខេត្តបន្ទាយមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាពជាតិ និងការគិតគូរពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារទឹកដី សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព (ស.ស.យ.ស) សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៩ ខែមិថុនាឆ្នាំ២០២៦នេះ បានរៀបចំយុទ្ធនាការមនុស្សធម៌ដ៏មានសារៈសំខាន់មួយ ដោយបានប្រមូលផ្តុំ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងទឹកបរិសុទ្ធ ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅតាមតំបន់ខ្សែបន្ទាត់ព្រំដែនជួរមុខខេត្តបន្ទាយមានជ័យ។
សកម្មភាពមនុស្សធម៌ដ៏ស្វិតស្វាញ និងពោរពេញដោយទឹកចិត្តនេះ ត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំគណៈកម្មការនៃសមាគម រួមមាន៖
លោក ឆុន វីរៈ ប្រធានសាខាសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ខេត្តបន្ទាយមានជ័យ

លោក ហោ តូ ទីប្រឹក្សាសមាគម ខេត្ត បន្ទាយ មានជ័យ

លោក លឹម នីអនុប្រធានផ្នែកធនធាននៃសមាគម ខេត្តបន្ទាយមានជ័យ។

លោក ណែន ទិត្យ សមាជិកនៃសមាគម។

លោក សៅ ចាន់ធា សមាជិកនៃសមាគម។
ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព(ស.ស.យ.ស)ខេត្តបន្ទាយមានជ័យជាច្រើនរូបផងដែរ។

សកម្មភាពជាក់ស្តែង ក្រុមការងារយុវជននៃសមាគមជាច្រើនរូប បានបង្ហាញពីសាមគ្គីភាពយ៉ាងស្អិតរមួត ដោយបានរួមសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការលើក និងរៀបចំទឹកបរិសុទ្ធ ព្រមទាំងស្បៀងអាហារចាំបាច់ផ្សេងៗទៀតឡើងលើរថយន្តដឹកជញ្ជូន ដើម្បីត្រៀមធ្វើដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនជួរមុខ។ ទិដ្ឋភាពដ៏រស់រវើកនេះ មិនត្រឹមតែបង្ហាញពីការលះបង់កម្លាំងកាយចិត្តរបស់ក្រុមយុវជនប៉ុណ្ណោះទេ ប៉ុន្តែវាជាសារឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី សមរភូមិក្រោយ គាំទ្រសមរភូមិមុខ ក្នុងការផ្តល់កម្លាំងចិត្ត និងបង្កើនភាពកក់ក្តៅដល់កងទ័ពការពារព្រំដែន។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក ឆុន វីរៈ ប្រធានសាខាខេត្ត រួមទាំងគណៈកម្មការដឹកនាំទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់កងទ័ពគ្រប់ៗរូប។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំសមាគម ក៏បានធ្វើការ អំពាវនាវយ៉ាងទទូចដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមបន្តចូលរួមគាំទ្រ ឧបត្ថម្ភជាថវិកា សម្ភារៈ ឬគ្រឿងឧបភោគបរិភោគ ដល់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ ដើម្បីឱ្យសមាគមមានលទ្ធភាព និងធនធានកាន់តែទូលំទូលាយ ក្នុងការបន្តបេសកកម្មមនុស្សធម៌ ជួយដល់សង្គមជាតិ ជួយយុវជន និងគាំទ្រដល់វីរកងទ័ពជួរមុខរបស់យើងនៅពេលខាងមុខជាបន្តបន្ទាប់ទៀត៕

👉 ចំណែកសកម្មភាពទី ២ គឺ៖ …

សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព នាំយកអំណោយជូនលោកតាជរាគ្មានទីពឹង ម្នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ ក្រុមការងារនៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ បានចុះផ្ទាល់ដើម្បីនាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ទៅប្រគល់ជូនលោកតាជរាម្នាក់ ដែលកំពុងរស់នៅក្នុងស្ថានភាពយ៉ាងលំបាកវេទនា គ្មានទីពឹង និងគ្មានផ្ទះសម្បែងពិតប្រាកដ នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងសកម្មភាពមនុស្សធម៌នេះ បានបង្ហាញឲ្យឃើញថា លោកតាមានវ័យជរាណាស់ទៅហើយ ហើយថែមទាំងគ្មានសាច់ញាតិមើលថែទាំនោះឡើយ។ រាល់ថ្ងៃ លោកតាគ្មាន កូន ចៅ ត្រូវបង្ខំចិត្តរស់នៅ និងតាំងជម្រកបណ្ដោះអាសន្ននៅក្រោមដើមឈើ ដោយមានត្រឹមតែអង្រឹងមួយសម្រាប់សម្រាក និងឆ្នាំងបាយចាស់មួយសម្រាប់ដាំស្លរចិញ្ចឹមជីវិតយ៉ាងកម្សត់។ សូម្បីតែអាហារហូបចុកប្រចាំថ្ងៃ ក៏មានភាពខ្វះខាតខ្លាំង ដែលជារូបភាពមួយគួរឲ្យសង្វេគជាពន់ពេក។
ដើម្បីចូលរួមសម្រាលទុក្ខលំបាក និងផ្តល់ភាពកក់ក្តៅដល់លោកតា សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ដឹកនាំដោយលោក ឆុន វីរៈ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យ។

លោក ហោ តូ ទីប្រឹក្សាសមាគម ខេត្ត
លោក លឹម នី អនុប្រធានផ្នែក ធនធាននៃសមាគម
លោក សៅ ចាន់ធា សមាជិកនៃសមាគម
លោក ណែន ទិត្យ សមាជិកនៃសមាគម
រួមទាំងសមាជិកសមាជិកាជាច្រើនរូបនៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យជាច្រើនរូបផងដែរ។
បាននាំយកនូវអំណោយសង្គ្រោះបន្ទាន់ រួមមាន៖ អង្ករ មី ទឹកបរិសុទ្ធ ភួយ ខ្នើយ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ទៅប្រគល់ជូនលោកតាដល់កន្លែងស្នាក់នៅផ្ទាល់។


ឆ្លៀតក្នុងឱកាសនេះផងដែរ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សូមធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនជនរួមជាតិ ក៏ដូចជាសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយគាំទ្រ និងចូលរួមបរិច្ចាគថវិកា ក៏ដូចជាសម្ភារៈផ្សេងៗតាមលទ្ធភាព ដើម្បីឲ្យសមាគមមានលទ្ធភាព និងថវិកាកាន់តែគ្រប់គ្រាន់ ក្នុងការបន្តបេសកកម្មមនុស្សធម៌ ដើរចែកអំណោយ និងជួយសង្គ្រោះដល់ជនចាស់ជរា ជនពិការ និងជនងាយរងគ្រោះផ្សេងទៀត ដែលកំពុងរង់ចាំជំនួយនៅទូទាំងខេត្ត។
[6/29/2026 12:20 AM] បង ន រាន៍: រួមគ្នាកសាងក្តីស្រឡាញ់ និងចែករំលែកមេត្តាធម៌ដល់សង្គមជាតិ រាល់ការចូលរួមចំណែករបស់លោកអ្នក គឺជាកម្លាំងចិត្តដ៏ធំធេង និងជាជីវិតថ្មីរបស់ជនក្រីក្រផងដែរ៕ អត្ថបទដោយ លោក ឆុន វីរៈ