(មូស្គូ)៖ ដោយសំដៅទៅសោកនាដកម្មនៃការវាយប្រហារតាមផ្លូវអាកាសរបស់ប៉ាគីស្ថាន នៅតំបន់ព្រំដែន ក្រសួងការបរទេសរុស្ស៉ី កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ស្នើឱ្យប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ប្រើប្រាស់មធ្យោបាយការទូតដើម្បីដោះស្រាយជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦។

នាថ្ងៃចន្ទដើមសប្តាហ៍ អង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សចំនួន ២៨នាក់ត្រូវបានសម្លាប់។ ប៉ុន្តែកងកម្លាំងសន្តិសុខ និងក្រុមតាលីបង់អាហ្វហ្កានីស្ថាន បានផ្តល់តួលេខខ្ពស់ជាងនេះ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៉ី មានខ្លឹមសារយ៉ាងដូច្នេះថា «រុស្ស៉ីសូមស្នើដល់ទីក្រុងអ៉ីស្លាម៉ាបាដ និងទីក្រុងកាប៊ុល ឱ្យបញ្ចប់ជម្លោះប្រដាប់អាវុធ ហើយដោះស្រាយបញ្ហា តាមរយៈវិធីសាស្រ្តនយោបាយ និងការទូត»។
គួរបញ្ជាក់ថា ប៉ាគីស្ថានចោទអាហ្វហ្កានីស្ថាន ថាបានផ្តល់ជម្រកដល់ពួកសកម្មប្រយុទ្ធ ដែលបានរៀបចំផែនការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន ខណៈក្រុមតាលីបង់អាហ្វហ្គានីស្ថាន បដិសេធការចោទប្រកាន់នេះ៕
































