(ហ្សឺណែវ)៖ ទីភ្នាក់ងារពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNCTAD) បានព្រមាននៅថ្ងៃអង្គារថា ទោះបីជាការបើកច្រកសមុទ្រហ័រមូសឡើងវិញ អាចជួយស្រោចស្រង់ទីផ្សារថាមពលបានភ្លាមៗក្តី ប៉ុន្តែបណ្តាប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ នៅតែបន្តប្រឈមហានិភ័យដោយសារការកើនឡើងនៃតម្លៃស្បៀងអាហារ និងប្រេងឥន្ធនៈដ៏អូសបន្លាយ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

នៅក្នុងរបាយការណ៍ថ្មីមួយ UNCTAD បានគូសបញ្ជាក់ថា ប្រព័ន្ធស្បៀងអាហារ និងការដឹកជញ្ជូន អាចនឹងត្រូវចំណាយពេលយូរជាងទីផ្សារថាមពល ដើម្បីអាចងើបឡើងវិញបាន ដោយសារខ្សែចង្វាក់ផ្គត់ផ្គង់ត្រូវការពេលវេលាច្រើនដើម្បីស្តារឡើងវិញ បន្ទាប់ពីមានការរាំងស្ទះយ៉ាងធ្ងន់ធ្ងរដល់នាវាចរណ៍ឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះ អស់រយៈពេលជាង ១០០ថ្ងៃមក។
ទោះបីជាតម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះមកនៅត្រឹមប្រមាណ ៧៣ដុល្លារក្នុងមួយធុង ដែលជាកម្រិតមុនពេលផ្ទុះសង្គ្រាម បន្ទាប់ពីមានកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងអាមេរិក និងអ៊ីរ៉ង់ក្តី ប៉ុន្តែ UNCTAD បានព្រមានថា ឥទ្ធិពលនៃការកើនឡើងតម្លៃប្រេងឥន្ធនៈ ឧស្ម័ន និងជីកសិកម្ម អាចនឹងបន្តជះឥទ្ធិពលដល់ផលិតកម្មកសិកម្ម ថ្លៃដឹកជញ្ជូន និងបន្ទុកចំណាយប្រចាំថ្ងៃរបស់គ្រួសារនីមួយៗជាបន្តទៀត។ របាយការណ៍បានសង្កត់ធ្ងន់ថា គ្រាន់តែតម្លៃស្បៀងអាហារកើនឡើង ៥ភាគរយ ក៏អាចធ្វើឱ្យអត្រាកុមារស្គាំងស្គម និងខ្វះអាហារូបត្ថម្ភ កើនឡើងយ៉ាងគួរឱ្យព្រួយបារម្ភផងដែរ។
ទីភ្នាក់ងារនេះបានកំណត់អត្តសញ្ញាណប្រទេសចំនួន ៦១ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនៅច្រកសមុទ្រហ័រមូស ដោយភាគច្រើនជាប្រទេសដែលពឹងផ្អែកទាំងស្រុងលើការនាំចូលថាមពល និងស្បៀងអាហារ ដូចជាប្រទេសយេម៉ែនជាដើម។ ឆ្លើយតបនឹងបញ្ហានេះ UNCTAD បានអំពាវនាវយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុ ដល់បណ្តាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដើម្បីអាចទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចនេះបាន៕
































