អ៊ុយក្រែន ចុះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង Gripen ១៦គ្រឿងពីស៊ុយអែត ក្នុងតម្លៃ២,៥ពាន់លានដុល្លារ

(កៀវ)៖ ក្រុមហ៊ុនផលិតសម្ភារការពារជាតិនៃប្រទេសស៊ុយអែត Saab កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន ក្នុងកិច្ចព្រមព្រៀងមួយមានតម្លៃខ្ទង់ ២៤,៦ពាន់លានក្រោន ឬស្មើនឹង២,៥៤ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កិច្ចព្រមព្រៀងខាងលើ ដែលបានឈានដល់ជាមួយ​នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson គឺពាក់ព័ន្ធការទិញយន្តហោះ Gripen E ១៦គ្រឿង​ ហើយរាប់បញ្ចូលទាំងការគាំទ្រផ្នែកបច្ចេកទេស។

ក្រុមហ៊ុន Saab បាននិយាយថា ការប្រគល់យន្តហោះចម្បាំងខាងលើ ត្រូវបានកំណត់ពេលវេលាសម្រាប់ចន្លោះឆ្នាំ២០២៩-២០៣០។ ដោយឡែក លោក ហ្សេលេនស្គី បាននិយាយថា សម្រាប់ការប្រគល់យន្តហោះ Gripen ស៊េរី C/D គឺនឹងចាប់ផ្តើមនៅអំឡុងដើមឆ្នាំ២០២៧។

លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានឱ្យដឹងដែរថា រូបលោកបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងខាងលើ ព្រមទាំងអំពីកិច្ចសហប្រតិបត្តិការការពារជាតិទូលំទូលាយ ជាមួយរដ្ឋមន្រ្តីការពារជាតិស៊ុយអែត លោក Pal Jonson អំឡុងជំនួបមួយនៅទីក្រុងកៀវ កាលពីថ្ងៃអង្គារ ក្នុងនោះរួមមានទាំងគម្រោងការពារមីស៉ីលនិងដ្រូន។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើ មានភាពខុសគ្នាពីផែនការ ដែលត្រូវបានប្រកាសដោយលោក ហ្សេលេនស្គី កាលពីខែឧសភា នៅពេលដែលលោកបាននិយាយថា អ៊ុយក្រែននឹងទិញយន្តហោះចម្បាំង Gripen ស៊េរី E ចំនួន២០គ្រឿង ហើយស៊ុយអែតនឹងបរិច្ចាគយន្តហោះ Gripen ស៊េរីចាស់១៦គ្រឿងផ្សេងទៀត ដើម្បីជួយគាំទ្រកិច្ចប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងកៀវ ប្រឆាំងការឈ្លានពានរបស់រុស្ស៉ី៕