អាមេរិក ដាក់ទណ្ឌកម្មលើជនជាតិម៉ិកស៉ិក និងក្រុមហ៊ុនមួយចំនួន ពាក់ព័ន្ធបណ្តាញរត់ពន្ធប្រេងឥន្ធនៈ

(ម៉ិកស៉ីកូ)៖ ក្រសួងហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសទណ្ឌកម្មថ្មីលើជនជាតិម៉ិកស៉ិក ២នាក់ និងក្រុមហ៊ុនចំនួន ៩ ដោយចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងក្រុមជួញដូរប្រេងឥន្ធនៈ ដែលដឹកជញ្ជូនប្រេងឥន្ធនៈពីអាមេរិកចូលទៅម៉ិកស៉ិក ដោយមិនបានបង់ពន្ធខ្ពស់លើការនាំចូល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា ក្រុមជួញដូរប្រេងនេះ ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ឧក្រិដ្ឋជនគ្រឿងញៀន CJNG របស់​​ម៉ិកស៉ិក និង​ជា​ផ្នែក​មួយ​នៃ​សហគ្រាស​ខុសច្បាប់​ ដែល​រក​ចំណូល​បាន​រាប់រយ​លាន​ដុល្លារ​​រៀងរាល់ឆ្នាំ​ ឱ្យក្រុមឧក្រិដ្ឋជន​គ្រឿងញៀន។ តាមរដ្ឋាភិបាលអាមេរិក ប្រេង​រត់ពន្ធ និង​ប្រេងឆៅ​ដែលលួចបាន បាន​ក្លាយជា​ប្រភព​ចំណូល​ធំ​ទីពីរ​ សម្រាប់​ក្រុម​ឧក្រិដ្ឋជនគ្រឿងញៀន​ម៉ិកស៉ិក​ បន្ទាប់ពី​គ្រឿងញៀន។

គួរបញ្ជាក់ថា ម៉ិកស៉ិក បានអនុវត្តការយកពន្ធដែលគេស្គាល់ថា IEPS លើទំនិញច្រើនប្រភេទ រួមទាំងប្រេងម៉ាស៊ូត និងប្រេងសាំងនាំចូល។ ក្រសួងហិរញ្ញវត្ថុអាមេរិក ចោទប្រកាន់ថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀនម៉ិកស៉ិក និងបណ្តាញពួកគេអាចគេចវេសពន្ធ តាមរយៈការបន្លំឯកសារគយ និងការសូកប៉ាន់មន្ត្រីរដ្ឋាភិបាល។​ ជុំវិញការដាក់ទណ្ឌកម្មនេះ ម៉ិកស៉ិកនៅមិនទាន់មានការអត្ថាធិប្បាយទេ៕