(ម៉ូស្គូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចំណាយពេលជិត ៩០នាទី សន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយបានស្នើផ្តល់ជំនួយក្នុងការស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ។

លោក យូរី អ៊ូសាកូវ (Yuri Ushakov) ជំនួយការវិមានក្រឹមឡាំង បានបញ្ជាក់ថា សំណើនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលសន្ទនាកាលពីថ្ងៃសៅរ៍ មុនពេលលោក ត្រាំ ចូលរួមកិច្ចប្រជុំកំពូលរបស់ណាតូ (NATO) ក្នុងប្រទេសតួកគី។ ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ក៏បានបញ្ជាក់ដែរថា លោកបានសន្ទនាជាមួយលោក ត្រាំ រួចរាល់ហើយដែរ។
ជំនួយការវិមានក្រឹមឡាំងបានពិពណ៌នាការសន្ទនានេះថាមានលក្ខណៈ «ស្ថាបនា» ដោយលោក ត្រាំ បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយបញ្ចប់ការប្រយុទ្ធគ្នាយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីក៏ចង់បានសន្តិភាពដែរ ប៉ុន្តែដំណោះស្រាយនោះត្រូវតែគោរពតាម «គោលការណ៍មូលដ្ឋាន» របស់ខ្លួន ពោលគឺរុស្ស៊ីទាមទារការគ្រប់គ្រងទាំងស្រុងលើតំបន់ដុនបាស (Donbas) ដែលអ៊ុយក្រែនបដិសេធដាច់អហង្ការ។
លោក អ៊ូសាកូវ បានឆ្លៀតចោទប្រកាន់ទីក្រុងកៀវ និងសម្ព័ន្ធមិត្តអឺរ៉ុប ថាមានចេតនាចង់ពន្យារសង្គ្រាម តាមរយៈការវាយប្រហារលើរោងចក្រប្រេងរបស់រុស្ស៊ី។ លោកក៏បានអះអាងផងដែរថា លោក ពូទីន បានប្រាប់លោក ត្រាំ ថាកងទ័ពរុស្ស៊ីកំពុងមានប្រៀបខ្លាំងនៅសមរភូមិ ដោយកាលពីថ្ងៃសុក្រ រុស្ស៊ីអះអាងថាបានដណ្តើមគ្រប់គ្រងទីក្រុងយុទ្ធសាស្ត្រ Kostiantynivka ទោះបីជាអ៊ុយក្រែនបានចេញមុខបដិសេធក៏ដោយ៕
































