ប្រមុខកងទ័ពអ៊ីស្រាអែលប្តេជ្ញាចាត់វិធានការ «យ៉ាងម៉ឺងម៉ាត់» ប្រឆាំងនឹងក្រុមហេសបូឡា

(ហ្ស៊េរុយសាឡឹម)៖ អគ្គសេនាធិការកងទ័ពអ៊ីស្រាអែល លោកឧត្តមសេនីយ៍ អេយ៉ាល់ ហ្សាមៀ (Eyal Zamir) នៅថ្ងៃអាទិត្យ បានចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅប្រាសាទបុរាណ Beaufort ភាគខាងត្បូងប្រទេសលីបង់ ដោយប្តេជ្ញាថានឹងបន្តយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា ឱ្យដល់ទីបញ្ចប់។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

លោក ហ្សាមៀ បានប្រាប់កងទ័ពថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងបន្តប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ ដើម្បីកម្ចាត់រាល់ការគំរាមកំហែងពីទឹកដីលីបង់ ហើយត្រៀមខ្លួនជានិច្ចក្នុងការវាយលុក ប្រសិនបើមានការបំពានបទឈប់បាញ់ណាមួយកើតឡើង។ កងទ័ពអ៊ីស្រាអែលទើបតែបានវាយដណ្តើមយកប្រាសាទប្រវត្តិសាស្ត្រនេះឡើងវិញ ដោយអះអាងថាបានរកឃើញបណ្តាញរូងក្រោមដីរបស់ហេសបូឡា ដែលប្រើជាទីតាំងវាយប្រហារដ៏រឹងមាំក្បែរព្រំដែនអ៊ីស្រាអែល។

គួររំលឹកថា អ៊ីស្រាអែលធ្លាប់បានកាន់កាប់ប្រាសាទនេះធ្វើជាប៉ុស្តិ៍សង្កេតការណ៍អស់ជិតពីរទសវត្សរ៍ ក្រោយការឈ្លានពានលីបង់ក្នុងឆ្នាំ១៩៨២ មុនពេលដកទ័ពចេញនៅឆ្នាំ២០០០។ លោក ហ្សាមៀ បានបញ្ជាក់ថា សកម្មភាពបច្ចុប្បន្នរបស់កងទ័ពអ៊ីស្រាអែល គឺធ្វើឡើងស្របតាមកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយអាមេរិក ប៉ុន្តែលោកព្រមានថារាល់ការគំរាមកំហែងណាមួយ នឹងត្រូវវាយបកកម្ទេចចោលភ្លាមៗ។

លោកក៏បានសង្កត់ធ្ងន់ថា កងទ័ពលីបង់ត្រូវតែគោរពតាមការសន្យារបស់ខ្លួន ក្នុងការបោសសម្អាតតំបន់នោះពីកងកម្លាំងហេសបូឡា។ ជម្លោះនេះបានផ្ទុះឡើងកាលពីខែមីនា បន្ទាប់ពីហេសបូឡាបានបាញ់រ៉ុក្កែតលើអ៊ីស្រាអែល ដើម្បីសងសឹកឱ្យមេដឹកនាំកំពូលអ៊ីរ៉ង់ ដែលជំរុញឱ្យអ៊ីស្រាអែលវាយបកតាមអាកាស និងជើងគោកចូលទៅកាន់ភាគខាងត្បូងលីបង់៕