(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានចោទប្រកាន់ថា អ៊ុយក្រែនបានបដិសេធបញ្ឈប់ការបាញ់ផ្លោងលើទីក្រុង Kostiantynivka ដែលស្ថិតនៅភាគខាងកើតនៃប្រទេស ដើម្បីអនុញ្ញាតឱ្យរុស្ស៉ី ប្រគល់សាកសពទាហានអ៊ុយក្រែន ត្រឡប់ទៅវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦។

រុស្ស៉ី បាននិយាយថា ខ្លួនបានស្នើឱ្យមានបទឈប់បាញ់រយៈពេល ៦ម៉ោងនៅក្នុង និងជុំវិញទីក្រុង Kostiantynivka នាថ្ងៃចន្ទនេះ ដើម្បីសម្រួលដល់ការប្រគល់សាកសពទាហានអ៊ុយក្រែន ហើយបានផ្តល់ពេលឱ្យទីក្រុងកៀវ រហូតដល់យប់ថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) សម្រាប់ការឆ្លើយតប។ ភ្លាមៗ ក្រសួងការពារជាតិ និងអគ្គសេនាធិការអ៊ុយក្រែន មិនទាន់ឆ្លើយតបចំពោះសារអ៉ីមែលសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។
Kostiantynivka គឺជាទីតាំងសំខាន់មួយដែលមូស្គូមានបំណងចាប់យកជាយូរមកហើយ ក្នុងសង្រ្គាមរបស់ខ្លួននៅតំបន់ Donetsk។ មេបញ្ជាការយោធារុស្ស៉ី បានប្រាប់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រថា កងកម្លាំងមូស្គូបានគ្រប់គ្រងទីក្រុង Kostiantynivka ទោះជាអ៊ុយក្រែនបដិសេធការអះអាងនេះក៏ដោយ ដោយនិយាយថា កងកម្លាំងរបស់ខ្លួននៅតែគ្រប់គ្រងទីក្រុងនេះដដែល៕
































