(ស៊ូវ៉ា)៖ នាថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ អូស្រ្តាលីបានចុះសន្ធិសញ្ញាការពារជាតិថ្មីមួយ ជាមួយប្រទេសដែនកោះហ្វ៊ីជី ដែលជាផ្នែកនៃយុទ្ធសាស្រ្តពង្រឹងទំនាក់ទំនង ជាមួយបណ្តាប្រទេសជិតខាង នៅភាគខាងត្បូងមហាសមុទ្រប៉ាស៉ីហ្វិក ដើម្បីទប់ទល់ការរីកធំឡើងនៃឥទ្ធិពលចិននៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សម្ព័ន្ធភាពមហាសមុទ្រសន្តិភាព លើកហ្វ៊ីជីឱ្យក្លាយជាសម្ព័ន្ធមិត្តមួយចំនួនតូចប៉ុណ្ណោះរបស់អូស្រ្តាលី ដែលជាប់សន្ធិសញ្ញា ហើយតម្រូវឱ្យប្រទេសទាំងពីរ ជួយការពារគ្នាទៅវិញទៅមក។ ចិនបានបង្កការភ្ញាក់ផ្អើលនៅក្នុងតំបន់ កាលពីឆ្នាំ២០២២ នៅពេលដែលខ្លួនបានចុះកិច្ចព្រមព្រៀងសន្តិសុខសម្ងាត់មួយ ជាមួយប្រទេសដែនកោះសូឡូម៉ុន នាំឱ្យមានក្តីបារម្ភថា នៅថ្ងៃណាមួយវាអាចនាំទៅរកការបង្កើតវត្តមានយោធាអចិន្រ្តៃយ៍។
ជាការឆ្លើយតប អូស្រ្តាលីបានខិតខំបង្កើនកិច្ចប្រឹងប្រែងការទូតរបស់ខ្លួន ដោយធានាបានកិច្ចព្រមព្រៀងជាមួយប្រទេសដែនកោះ ដូចជាប៉ាពូអាស៉ីនូវែលហ្គីណេ ទូវ៉ាលូ និងវ៉ានូទូ ជាដើម។ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានចុះកិច្ចព្រមព្រៀងថ្មីខាងលើ ជាមួយសមភាគីហ្វ៊ីជី លោក Sitiveni Rabuka អំឡុងទស្សនកិច្ចនៅទីក្រុង Suva។ នាពេលនេះ ហ្វ៊ីជីចូលរួមជាមួយសហរដ្ឋអាមេរិក នូវែលសេឡង់ និងប៉ាពូអាស៉ីនូវែលហ្គីណេ ក្នុងនាមជាសម្ព័ន្ធមិត្តជាប់សន្ធិសញ្ញាទី៤ របស់អូស្រ្តាលី។
ហ្វ៊ីជីធ្លាប់កសាងទំនាក់ទំនងជិតស្និទ្ធជាមួយចិន ក្រោមអតីតនាយករដ្ឋមន្រ្តី លោក Frank Bainimarama ដែលបានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារ កាលពីឆ្នាំ២០០៦។ លោក Bainimarama បានងាកទៅទីក្រុងប៉េកាំង ដើម្បីស្វែងរកការគាំទ្រសេដ្ឋកិច្ច បន្ទាប់ពីរដ្ឋប្រហាររបស់លោក បានបង្កឱ្យមានការដាក់ទណ្ឌកម្មពាណិជ្ជកម្មធ្ងន់ប្រឆាំងហ្វ៊ីជី។ ប៉ុន្តែឥទ្ធិពលរបស់ចិនបានថយចុះវិញ ចាប់តាំងពីលោក Rabuka បានឡើងកាន់អំណាច កាលពីឆ្នាំ២០២២ ដោយលោកបានងាកមកផ្តោតភាពជាដៃគូជាយូរមកហើយ ជាមួយអូស្រ្តាលីនិងនូវែលសេឡង់វិញ។
គួរបញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅនេះ អូស្រ្តាលីនិងវ៉ានូទូ ទើបតែបានចុះកិច្ចព្រមព្រៀងសន្តិសុខទូលំទូលាយមួយ ដែលហាមឃាត់ការបង្កើតមូលដ្ឋានយោធាបរទេស នៅក្នុងប្រទេសដែនកោះប៉ាស៉ីហ្វិកមួយនេះ។ ពេលនោះ ចិនបានប្រតិកម្មដោយព្រមានអូស្រ្តាលីប្រឆាំងការលេងហ្គេមភូមិសាស្រ្តនយោបាយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសដែនកោះប៉ាស៉ីហ្វិកមួយចំនួន ដូចជា គិរីបាទី សូឡូម៉ុន និងណូរូ បានកាត់ផ្តាច់ទំនាក់ទំនងការទូតយូរអង្វែងរបស់ខ្លួន ជាមួយតៃវ៉ាន់ ដើម្បីងាកទៅរកចិន៕
































