(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់អាជ្ញាធរខេត្តជាប់តំបន់ព្រៃឡង់រួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ។
ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំអាជ្ញាធរឱ្យចិត្តទុកដាក់លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ។ សម្តេចតេជោ ហ៊ុន សែន ក៏ណែនាំដល់អាជ្ញាធរខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ ដែលជាខេត្តតំបន់ព្រៃឡើង យកចិត្តទុកដាក់ទប់ស្កាត់កុំឱ្យមានការកាប់បំផ្លាញព្រៃឈើ រហូតក្លាយជាតំបន់រិចរិល។
ដែនជម្រកសត្វព្រៃព្រៃឡង់ គឺជាតំបន់ការពារធម្មជាតិដ៏សំខាន់នៅភាគខាងជើង-កណ្ដាលប្រទេសកម្ពុជា។ មានទំហំផ្ទៃដីជាង ៤៣ម៉ឺនហិកតា គ្របដណ្ដប់លើភូមិសាស្ត្រខេត្តចំនួន ៤ រួមមាន៖ ក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ។ ព្រៃនេះត្រូវបានចាត់ទុកជាព្រៃវាលទំនាបត្រូពិចធំជាងគេ និងចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។
បើទោះបីជាមានការយកចិត្តទុកដាក់របស់អាជ្ញាធរពាក់ព័ន្ធយ៉ាងណាក្តី តែដែនជម្រកសត្វព្រៃព្រៃឡង់ នៅតែរងការកាប់ និងទន្ទ្រានយកដីជាកម្មសិទ្ធិគួរឱ្យព្រួយបារម្ភ។ របាយការណ៍របស់អាជ្ញាធរ បានឱ្យដឹងថា ក្នុងរយៈពេល ៤ខែឆ្នាំ២០២៦ កម្លាំងចម្រុះដែលរួមមានមន្ត្រីឧទ្យានុរក្ស អាជ្ញាធរខេត្ត និងសហគមន៍មូលដ្ឋាន បានចុះល្បាតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ចំនួន ៨៥៣លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១៧៨ករណី ភាគច្រើនជាករណីទន្ទ្រានដីព្រៃ និងការកាប់ឈើខុសច្បាប់។
សមត្ថកិច្ចបានបញ្ជូនសំណុំរឿងចំនួន ៨៣ករណី ទៅកាន់តុលាការ និងឃាត់ខ្លួនជនសង្ស័យបាន ១៣នាក់។ ប្រតិបត្តិការនាពេលកន្លងមកនេះ ក្រុមការងារបានរឹបអូសសម្ភារៈបទល្មើសដូចជា ម៉ាស៊ីនអារឈើ យានយន្ត និងកម្ទេចអន្ទាក់សត្វជាច្រើន៕
































