
(កំពង់ចាម)៖ ថ្លែងចេញពីទឹកដីនៃខេត្ដកំពង់ចាម នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា សមិទ្ធផលផ្លូវជាតិលេខ៧ គឺផ្ដើមចេញពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម) នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។

ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧នេះ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តម្លៃប្រមាណ១១៧លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «នេះគឺជាការសម្រេចដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលអាណត្ដិមុន ដែលសម្ដេចតេជោ ជាអតីតនាយករដ្ឋមន្ដ្រី បានសម្រេចក្នុងការរៀបចំ»។
បន្ថែមពីនោះទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សមិទ្ធផលនៃទំនាក់ទំនងកម្ពុជា-ចិន មិនទាន់បញ្ចប់ត្រឹមកំណាត់ផ្លូវជាតិលេខ៧នេះឡើយ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ» ដោយបន្តផ្តល់អាទិភាពខ្ពស់ ចំពោះការអភិវឌ្ឍប្រព័ន្ធ ផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និង ផ្លូវអាកាស ស្របតាមទិស ស្លោក «មានផ្លូវ, មានសង្ឃឹម។

បើតាមសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត, កំណាត់ផ្លូវជាតិលេខ៧នេះ នឹងតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិ និងតំបន់ ភូមិសាស្ត្រសំខាន់ៗ, ក្នុងនោះចំណុចចាប់ផ្ដើម ផ្នែកខាងលិចនៃខ្សែផ្លូវនេះ នឹងតភ្ជាប់ជាមួយផ្លូវ ជាតិលេខ៦ ឆ្ពោះទៅកាន់ទិសដៅ រាជធានីភ្នំពេញ និង ទិសដៅខេត្តកំពង់ធំ-សៀមរាប។
តភ្ជាប់ត្រង់ចំណុច ផ្លូវបំបែកទីរួមស្រុកព្រៃឈរ ជាមួយផ្លូវជាតិលេខ ៦០ ឆ្ពោះទៅកាន់ផ្លូវជាតិ លេខ ៦, និង ជាមួយផ្លូវជាតិលេខ ៧០ ឆ្ពោះទៅកាន់ស្រុកកងមាស; ព្រមទាំង តភ្ជាប់ជាមួយផ្លូវ ជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើង ឆ្ពោះទៅកាន់ស្រុកចំការលើ, និង ផ្លូវជាតិលេខ ៧១ ស ឆ្ពោះទៅកាន់ស្រុកស្ទឹងត្រង់។

ខណៈដែលផ្នែកខាងកើតនៃចុងបញ្ចប់ខ្សែផ្លូវនេះ នឹងតភ្ជាប់ជាមួយ ផ្លូវជាតិលេខ ៨ និង លេខ ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង; នឹងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ; ព្រមទាំង តភ្ជាប់ផ្លូវជាតិលេខ ៧៦ និង លេខ ៧៨ ឆ្ពោះទៅកាន់ភូមិ ភាគឦសាន រួមមាន ក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និង រតនគិរី៕
សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ៧នេះ ត្រូវបានស្តារ និងស្ថាបនា ឡើងវិញកាលពីឆ្នាំ១៩៩៩ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានទទឹង ៧ម៉ែត្រ និង ៩ម៉ែត្រ ដែលកាលនោះកំណាត់ផ្លូវនេះ រួមជាមួយនឹងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានគីហ្សូណា) ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន៕





































