ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា កើនដល់ ៣៥៣៥នាក់

(ការ៉ាកាស)៖ អាជ្ញាធរនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់២លើក បានកើនដល់ ៣៥៣៥នាក់ ខណៈមនុស្សជិត ១៨០០០នាក់គ្មានផ្ទះសម្បែងស្នាក់នៅ ជាងមួយសប្ដាហ៍មកនេះបន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីវាយប្រហារលើរដ្ឋធានីការ៉ាកាស និងតំបន់ឆ្នេរស្ថិតនៅក្បែររដ្ឋធានីមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez បាននិយាយនៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ ថាតាមតួលេខផ្លូវការចុងក្រោយបំផុត មនុស្ស ១៦៧៤០នាក់បានរងរបួស និង ១៧៨៥៤នាក់គ្មានផ្ទះសម្បែងស្នាក់នៅ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ និង៧.៥រ៉ិចទ័រដែលកើតឡើងក្នុងគម្លាតពីគ្នាត្រឹមប៉ុន្មាន វិនាទីបានវាយប្រហារលើវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី២៤ ខែមិថុនា។

តួលេខថ្មីខាងលើបានគូសបញ្ជាក់ពីវិសាលភាពនៃគ្រោះមហន្តរាយនៅក្នុង និងនៅជុំវិញរដ្ឋធានីការ៉ាកាស និងទីក្រុង La Guaira ជាទីដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារគ្រោះរញ្ជួយដី ចំពោះការកើនឡើងការរិះគន់ចំពោះចំណាត់ការរបស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡា។ ក្រៅពីនេះ មនុស្សយ៉ាងហោច ១២៨០០នាក់កំពុងស្នាក់នៅ ក្នុងជំរំបណ្ដោះអាសន្នចំនួន៨០ទីតាំង នៅទូទាំងរដ្ឋធានីការ៉ាកាស និងទីក្រុង La Guaira៕