លោក ហ្សេលេនស្គី៖ អ៊ុយក្រែនចុះកិច្ចព្រមព្រៀងយន្តហោះដ្រូន ជាមួយប្រទេសចំនួន៣បន្ថែមទៀត

(កៀវ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនបានចុះកិច្ចព្រមព្រៀងយន្តហោះដ្រូន ជាមួយប្រទេសចំនួន ៣ទៀត ដូចជា ដាណឺម៉ាក អេស្តូនី និងហូឡង់ ដែលសបញ្ជាក់អំពីកម្រិតជំនាញក្នុងវិស័យនេះ អំឡុងពេលធ្វើសង្រ្គាមជាង ៤ឆ្នាំជាមួយរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦។

លោក ហ្សេលេនស្គី បានឱ្យដឹងពីកិច្ចព្រមព្រៀងទាំងនេះ ក្នុងការបង្ហោះសារមួយតាមបណ្តាញសង្គម នៅខាងក្រៅកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) នៅក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ដោយបន្ថែមថា បច្ចប្បន្នទីក្រុងកៀវ សម្រេចបាននូវកិច្ចព្រមព្រៀងយន្តហោះដ្រូនចំនួន ៩ហើយ។

អ៊ុយក្រែន បានអភិវឌ្ឍ​ឧស្សាហកម្ម​យន្តហោះ​ដ្រូនដ៏​ទំនើប​ ក្រោយ​រុស្ស៉ីបើកការឈ្លានពាន​ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២។ លោក ហ្សេលេនស្គី បានធ្វើដំណើររាប់គីឡូម៉ែត្រ ដើម្បីផ្សព្វផ្សាយកិច្ចព្រមព្រៀងទាំងនោះ ជាពិសេសនៅមជ្ឈិមបូព៌ា ជាទីដែលបណ្តាប្រទេសឈូងសមុទ្រ ត្រូវបានបង្ខំឱ្យទប់ទល់នឹងការវាយប្រហាររបស់អ៉ីរ៉ង់ ក្នុងឆ្នាំនេះ៕