សហរដ្ឋអាមេរិក ប្រកាសបិទបញ្ចប់ការវាយប្រហារជុំថ្មីលើអ៉ីរ៉ង់

(វ៉ាស៊ីនតោន)៖ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកហៅកាត់ថា CENTCOM នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសពីការបិទបញ្ចប់ការវាយប្រហារជុំថ្មីមួយលើអ៉ីរ៉ង់ ហើយថាខ្លួនបានវាយប្រហារលើគោលដៅ ៨០ទីតាំង ក្នុងការវាយប្រហារចុងក្រោយបំផុតលើអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រួមជាមួយការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ទីក្រុងវ៉ាស៊ីនតោនក៏បានលុបចោលការលើកលែងទណ្ឌកម្មដែលអនុញ្ញាតឱ្យអ៉ីរ៉ង់លក់ប្រេងចេញផងដែរ បន្ទាប់ពីកប៉ាល់ពាណិជ្ជកម្ម៣គ្រឿងរងការវាយប្រហារ នៅក្នុងច្រកសមុទ្រ ⁠Hormuz។ ក្នុងសេចក្ដីថ្លែងការណ៍មួយ CENTCOM បានគូសបញ្ជាក់ដូច្នេះថា «កងកម្លាំងអាមេរិកបានវាយប្រហារលើប្រព័ន្ធការពារដែនអាកាស ទីបញ្ជាការ បណ្ដាញគ្រប់គ្រង រាដាស្ថិតនៅតាមបណ្ដោយឆ្នេរ ប្រព័ន្ធមីស៊ីលប្រឆាំងនាវាចម្បាំង ព្រមទាំងទូកតូចៗ៦០គ្រឿងរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ទាំងនៅក្នុង និងក្បែរច្រកសមុទ្រ Hormuz ដើម្បីបំបាក់សមត្ថភាពរបស់អ៉ីរ៉ង់កុំឱ្យបន្តបើកការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ផ្លូវទឹកអន្តរជាតិ»

CENTCOM បានបន្ថែមថាយោធាអាមេរិកបានប្រុងជើងការជានិច្ច ដើម្បីឆ្លើយតប ក្នុងករណីដែលអ៉ីរ៉ង់នៅតែបន្តបំពានលើកិច្ចព្រមព្រៀងបឋមរវាងប្រទេសទាំង២។

គួរបញ្ជាក់ថា បទឈប់បាញ់ក្នុងសង្រ្គាមអ៉ីរ៉ង់នៅតែមានភាពផុយស្រួយ។ សង្រ្គាមបានផ្ទុះឡើងនៅពេលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយអ៉ីរ៉ង់ បានសងសឹកវិញជាមួយការវាយប្រហារលើអ៉ីស្រាអែល និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រដែលមានមូលដ្ឋានទ័ពអាមេរិក៕