
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានលើកឡើងថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ឱ្យមានគុណភាព ប្រកបដោយចីរភាព និងបរិយាបន្ន មិនអាចសម្រេចបានដោយភាគីណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ដ៏រឹងមាំ បង្កើតខ្សែចង្វាក់តម្លៃទេសចរណ៍ និងធានាឱ្យអត្ថប្រយោជន៍សេដ្ឋកិច្ចបានទៅដល់ប្រជាសហគមន៍មូលដ្ឋានដោយផ្ទាល់។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីជួបជុំសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍មកពីទូទាំងប្រទេស ខណៈលោក ហួត ហាក់ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាជួបជុំ និងចែករំលែកបទពិសោធរវាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស ដែលរៀបចំឡើងនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងតំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍សរុបប្រមាណ ៤០០នាក់ មកពីគ្រប់រាជធានី-ខេត្ត។

រដ្ឋមន្រ្តី ហួត ហាក់ បញ្ជាក់ថា «ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ប្រកបដោយចីរភាព មិនអាចសម្រេចបានដោយភាគីណាមួយតែម្នាក់ឯងនោះទេ គឺចាំបាច់ទាមទារត្រូវមានភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍ (Public-Private-Community Partnership) ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ដ៏រឹងមាំ បង្កើតខ្សែចង្វាក់តម្លៃទេសចរណ៍ និងធានាឱ្យអត្ថប្រយោជន៍សេដ្ឋកិច្ចបានទៅដល់ប្រជាសហគមន៍មូលដ្ឋានដោយផ្ទាល់ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក ព្រមទាំងរួមចំណែកទប់ស្កាត់ការប្រព្រឹត្តបទល្មើស និងការទន្ទ្រានធនធានធម្មជាតិ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

សូមជម្រាបថា សិក្ខាសាលាជួបជុំ និងចែករំលែកបទពិសោធនេះរវាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស ដើម្បីស្វែងយល់អំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ផ្លាស់ប្តូរទស្សនវិស័យ ព្រមទាំងដាក់ចេញនូវអនុសាសន៍ និងដំណោះស្រាយជាក់ស្តែង សំដៅបន្តពង្រឹងការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត ឱ្យធ្វើដំណើរមកកាន់សហគមន៍ដោយផ្ទាល់ និងបង្កើនផលប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា ជូនប្រជាសហគមន៍នៅមូលដ្ឋាន តាមរយៈការធានាឱ្យមានការចែករំលែកអត្ថប្រយោជន៍សេដ្ឋកិច្ច ប្រកបដោយសមធម៌ តម្លាភាព គណនេយ្យភាព និងបរិយាបន្ន ស្របតាមគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព៕




































