ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យ ស.ស.យ.ក. វិស័យព័ត៌មាន បន្តពង្រឹងសមត្ថភាពក្នុងបរិបទពិភពលោកវិវត្តយ៉ាងឆាប់រហ័ស ដើម្បីថែរក្សាកេរដំណែលអតីតយុទ្ធជន និងបន្តកសាងសមិទ្ធផលថ្មីៗ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានជំរុញឱ្យ ស.ស.យ.ក. វិស័យព័ត៌មាន បន្តពង្រឹងសមត្ថភាពក្នុងបរិបទពិភពលោកវិវត្តយ៉ាងឆាប់រហ័ស ដើម្បីថែរក្សាកេរដំណែលអតីតយុទ្ធជន និងបន្តកសាងសមិទ្ធផលថ្មីៗ។

ការជំរុញបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វឡើង ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពប្រកាសទទួលស្គាល់ជាផ្លូវការនូវសមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យព័ត៌មាន។

ក្នុងឱកាសនៃពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យព័ត៌មាន ឯកឧត្តម នេត្រ ភត្រា្ត រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យព័ត៌មាន បានលើកឡើងនូវអ្វីដែលជាបេសកម្ម និង
ចក្ខុវិស័យក្នុងការប្រមូលផ្តុំកម្លាំងយុវជន ដែលមានសមត្ថភាព ជំនាញ ឆន្ទៈ មនសិការ សេចក្តីក្លាហាន និងបេះដូងស្នេហាជាតិ ដើម្បីរួមកម្លាំងគ្នា ចូលរួមបម្រើបុព្វហេតុសង្គមជាតិ មាតុភូមិកម្ពុជា។

យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា គ្រប់សកម្មភាពរបស់ ស.ស.យ.ក. វិស័យព័ត៌មាន នឹងបន្តបេសកកម្មរបស់ខ្លួនស្របតាមទិសដៅរួមរបស់ ស.ស.យ.ក. ក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិ និងសមិទ្ធផលនានារបស់កម្ពុជា ប្រកបដោយវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវខ្ពស់ និងការប្រើប្រាស់ព័ត៌មានប្រកបដោយភាពត្រឹមត្រូវ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរេសើរ ក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន ដែលសម្រេចបាននូវសមិទ្ធផលការងារ និងសកម្មភាពការងារ ជាច្រើននាពេលកន្លងមក រួមមាន សកម្មភាពមនុស្សធម៌ សង្គមកិច្ច និងកីឡា, ការលើកស្ទួយវប្បធម៌ និងសង្គមជាតិ, ការងារផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ, ការពង្រឹង និងពង្រីកសមាជិកភាពក្នងវិស័យផងដែរ។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា នៅក្នុងបរិបទដែលពិភពលោក បាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស ជាមួយ នឹងភាពមិនប្រាកដប្រជានៃស្ថានភាពសង្គម សេដ្ឋកិច្ច ស.ស.យ.ក. ចាំបាច់ត្រូវពង្រឹង និងអភិវឌ្ឍបន្ថែមទៀត ដើម្បីបន្តសម្រេចបាននូវបុព្វហេតុ និងបេសកកម្មរបស់ខ្លួន ដោយបន្តថែរក្សាកេរដំណែលដែលបន្សល់ទុកពីអតីតយុទ្ធជន និងបន្តកសាងសមិទ្ធផលសំខាន់ៗថ្មីបន្ថែមទៀត។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏អំពាវនាវឱ្យប្រជាជនកម្ពុជាបន្ត លើកកម្ពស់សាមគ្គីភាព ឯកភាព និងអត្តសញ្ញាណជាតិ ខណៈពេលដែលហានិភ័យមនានាអាចកើតមានចំពោះប្រទេសជាតិគ្រប់ពេលវេលា៕