(អង់ការ៉ា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀត នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាដែនដី Greenland គួរតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក មិនមែនដាណឺម៉ាកនោះទេ ដែលនេះជាការគូសបញ្ជាក់ឡើងវិញ ពីគោលជំហរមួយដែលបានបង្កឱ្យមានភាពតានតឹងនៅក្នុងចំណោមសម្ព័ន្ធ NATO ខណៈមេដឹកនាំនៃបក្សសម្ព័ន្ធយោធាមួយនេះបានជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូលមួយក្នុងប្រទេសតួកគីយ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអត្ថាធិប្បាយរបស់លោក ត្រាំថាសហរដ្ឋអាមេរិកត្រូវតែទិញយក ឬគ្រប់គ្រងដែនដី Greenland ដែលជាតំបន់ពាក់កណ្ដាលស្វយ័តមួយរបស់ដាណឺម៉ាក បានបង្កឱ្យមានភាពតានតឹងក្នុងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកូប៉ិនហាកដែលសុទ្ធសឹងជាសមាជិកស្ថាបនិក NATO ហើយក៏បានបង្កឱ្យមានភាពល្អក់កករក្នុងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយអឺរ៉ុបផងដែរ។
«Greenland គួរតែត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក មិនមែនដោយដាណឺម៉ាកនោះទេ»។ នេះជាការលើកឡើងរបស់លោក ត្រាំ ប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន អំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីតួកគីយ៉េ លោក Tayyip Erdogan។
ប៉ុន្មានម៉ោងក្រោយមកក្នុងថ្ងៃអង្គារនោះដែរ នាឱកាសថ្លែងសុន្ទរកថាក្នុងទីក្រុងអង់ការ៉ា នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយថាលោកស្រីផ្ទាល់សង្ឃឹមថារដ្ឋជាសម្ព័ន្ធមិត្តទាំងអស់នឹងគោរពអធិបតេយ្យរបស់ដាណឺម៉ាក ហើយទទួលស្គាល់ថា Greenland មិនមែនសម្រាប់ដាក់លក់នោះទេ។ លោកស្រីបន្ថែមថាមិនមានគម្រោងពិភាក្សាក្នុងទីក្រុងអង់ការ៉ា លើបញ្ហាពាក់ព័ន្ធនឹងដែនដី Greenland នោះឡើយ៕































