
(វ៉ាស៊ីនតោន)៖ កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារដាក់គ្នាយ៉ាងធ្ងន់ធ្ងរដោយប្រើប្រាស់មីស៊ីល និងដ្រូនជាបន្តបន្ទាប់ ខណៈនៅថ្ងៃអាទិត្យនេះ ទីក្រុងតេហេរ៉ង់បានកំណត់គោលដៅវាយប្រហារលើទីតាំងយោធាអាមេរិក នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ឈូងសមុទ្រ ព្រមទាំងប្រកាសថាខ្លួនបានបិទច្រកសមុទ្រហ័រមូសជាថ្មីម្តងទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការវាយប្រហារទាំងនេះ គឺជាផ្នែកមួយនៃវដ្តនៃការសងសឹកគ្នាទៅវិញទៅមក ខណៈដែលអ៊ីរ៉ង់ព្យាយាមក្តោបក្តាប់ការគ្រប់គ្រងលើការធ្វើនាវាចរណ៍នៅតាមច្រកសមុទ្រនេះ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការវាយប្រហារលើកនេះមានការកើនឡើងទាំងសន្ទុះ និងវិសាលភាព ពោលគឺរាលដាលដល់ប្រទេសកាតា ដែលជាអ្នកសម្របសម្រួលសន្តិភាព និងមិនធ្លាប់រងការវាយប្រហារសោះតាំងពីខែមេសាមក។ ចំណែកឯប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលមិនធ្លាប់ត្រូវកំណត់គោលដៅតាំងពីដើមខែឧសភា ក៏បានប្រកាសថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់មីស៊ីល និងដ្រូនពីអ៊ីរ៉ង់ផងដែរ។
ការផ្ទុះហិង្សាជាថ្មីនេះ បានធ្វើឱ្យអនាគតនៃកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ដែលអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាកាលពីខែមុន កាន់តែមានភាពស្រពិចស្រពិល ខណៈដែលកិច្ចព្រមព្រៀងនោះមានគោលបំណងបើកច្រកសមុទ្រឡើងវិញ និងផ្តល់ពេល ៦០ថ្ងៃដើម្បីចរចាបញ្ចប់សង្គ្រាមជាស្ថាពរ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកចាត់ទុកបទឈប់បាញ់នេះត្រូវបានបញ្ចប់ទៅហើយ ប៉ុន្តែនៅតែបើកផ្លូវសម្រាប់ការចរចាបន្ត៕





























