
ខេត្តកំពង់ធំ ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារនិរន្តរភាពប្រភពប្រូតេអ៊ីន និងជីវចម្រុះនៅក្នុងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប កម្លាំងចម្រុះខេត្តកំពង់ធំ បានបើកយុទ្ធនាការទ្រង់ទ្រាយធំមួយចុះទប់ស្កាត់ និងបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់វដ្តជីវិតរបស់មច្ឆាជាតិក្នុងរដូវត្រីពងកូន។

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកម្លាំងជំនាញផ្នែករដ្ឋបាលជលផលផាត់សណ្តាយ និងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សហការជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្ដាយ និងកម្លាំងយោធភូមិភាគទី៤ (តំបន់ប្រតិបត្តិការសឹករងកំពង់ធំ) ចុះប្រតិបត្តិការផ្ទាល់នៅចំណុចផ្សោត និងព្រែកគន្លងតាំឈុន ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។
ជាលទ្ធផលនៃប្រតិបត្តិការនេះ មន្ត្រីជំនាញបានរកឃើញ និងកម្ទេចចោលនូវឧបករណ៍នេសាទខុសច្បាប់ចំនួន ២ករណីធំៗ រួមមាន៖
ករណីទី១៖ បំផ្លាញចោលរបាំងស្បៃមុងចំនួន ១៣របាំង (ប្រវែង ១,៥០០ម៉ែត្រ), លូចំនួន ២៦គ្រឿង, ឡុកចំនួន ២៦មាត់, បង្គោលចំនួន ១,០០០ដើម និងបានសង្គ្រោះដោយលែងកូនត្រីចម្រុះទម្ងន់ ៣០គីឡូក្រាម ចូលទៅក្នុងប្រភពទឹកធម្មជាតិវិញ។
ករណីទី២៖ រុះរើរបាំងព្រួលកាត់ផ្ជិតមាត់អូរ (ដែលជាការស្ទះផ្លូវធ្វើចរាចរណ៍របស់ត្រី) ចំនួន ១២របាំង, បង្គោល ៧០ដើម និងកៅស៊ូបាំងទឹកប្រវែង ១០០ម៉ែត្រ។

ការប្រើប្រាស់របាំងស្បៃមុង និងការបាំងកាត់មាត់អូរ គឺជាវិធីសាស្ត្របំផ្លិចបំផ្លាញបែប “ស្ទូចយកទាំងឫស” ដែលមិនត្រឹមតែចាប់ត្រីធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញកូនត្រីតូចៗ និងពងត្រីរាប់លានគ្រាប់ ដែលជាអនាគតនៃធនធានជលផលរបស់កម្ពុជា។ ការចុះបង្ក្រាប និងដោះលែងកូនត្រីត្រឡប់ទៅក្នុងបឹងធម្មជាតិវិញនាពេលនេះ គឺជាការបញ្ជូនសារអប់រំមួយយ៉ាងច្បាស់លាស់ទៅកាន់សហគមន៍មូលដ្ឋាន អំពីសារៈសំខាន់នៃការចូលរួមគោរពច្បាប់ស្តីពីជលផល ដើម្បីធានាថាប្រជាពលរដ្ឋជំនាន់ក្រោយនៅតែមានត្រីបរិភោគ និងប្រកបរបរចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព៕ ដោយ សឿង សុទ្ធ
































