នាយករដ្ឋមន្រ្តីឥណ្ឌា ណែនាំឱ្យបង្កើតប្រព័ន្ធរៀបចំការប្រឡង បន្ទាប់ពីមានការតវ៉ា

(ញូវដែលី)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រី Narendra Modi បានអំពាវនាវឱ្យមានការបង្កើតប្រព័ន្ធរៀបចំការប្រឡងសាធារណៈមួយ ដែលគ្មានចន្លោះប្រហោង នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីក្រុមអ្នកគាំទ្រគណបក្ស Cockroach Janta ប៉ះទង្គិចជាមួយប៉ូលិស ខណៈដែលពួកគេដើរដង្ហែទៅកាន់រដ្ឋសភា ដើម្បីតវ៉ាប្រឆាំងនឹងការបែកធ្លាយសំណួរប្រឡង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦។

លោក Kiren Rijiju រដ្ឋមន្ត្រីកិច្ចការសភា បានឱ្យដឹងថា លោក Modi បានប្រាប់សមាជិកសភានៃក្រុមចម្រុះកាន់អំណាច ថាដើម្បីធានាកុំឱ្យប៉ះពាល់ដល់អនាគតយុវជន គ្រប់ភាគីពាក់ព័ន្ធគួរសាមគ្គីគ្នា អនុវត្តវិធានការតឹងរ៉ឹង ចាត់វិធានការលើជនល្មើស និងបង្កើតប្រព័ន្ធរៀបចំការប្រឡងមួយដែលរឹងមាំ។

វាគឺជាការអំពាវនាវលើកទីមួយរបស់លោក Modi ចាប់តាំងពីមានការបែកធ្លាយសំណួរប្រឡងចូលរៀនពេទ្យថ្នាក់ជាតិ កាលពីខែឧសភា។ យុវជនរាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មនៅមុខរដ្ឋសភា កាលពីថ្ងៃចន្ទ ដើម្បីទាមទារឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ លោក Dharmendra Pradhan លាលែងពីតំណែង ពាក់ព័ន្ធនឹងការបែកធ្លាយនោះ ដែលប៉ះពាល់ដល់សិស្សជាង ២លាននាក់ ហើយបណ្តាលឱ្យមានអ្នកធ្វើអត្តឃាត៕