ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឲ្យដឹងថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ដោយកំណត់យកខេត្តព្រះសីហនុ ជាទីតាំងប្រារព្ធពិធី។ សម្តេចតេជោនាយករដ្ឋ មន្ត្រីនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍នេះ។ ការបញ្ជាក់នេញក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅសមុទ្រអាស៊ីបូព៌ា (SDS- SAE1) នៅកម្ពុជា» នាថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២០។
ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា វេទិការៀបចំឡើងនៅថ្ងៃនេះ គឺស្ថិតនៅក្រោមគម្រោងស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅសមុទ្រអាស៊ីបូព៌ា ដែលមានរយៈពេល៥ឆ្នាំ ហើយត្រូវបានអនុវត្តន៍តាំងពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩ ដោយទទួលបានការគាំទ្រថវិកាពីមូលនិធិបរិស្ថានពិភពលោក (Global Environment Facility-GEF) និងសម្រប សម្រួលបច្ចេកទេសដោយអង្គការ PEMSEA។ ដោយសារបញ្ហានៃការអនុវត្តត្រូវបានពន្យារពេល ក៏ដូចជាបញ្ហាជំងឺកូវីដ-១៩ គម្រោងនេះ ត្រូវបានពន្យារពេលរយៈពេល១ឆ្នាំ រហូតដល់ឆ្នាំ២០២០។ គម្រោងនេះ ត្រូវបានអនុវត្តន៍រួមគ្នារវាងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ខេត្តជាប់នឹងតំបន់ឆ្នេរ និងសមុទ្រចំនួន៤ គឺខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយផ្តោតលើទិដ្ឋភាពគោលនយោបាយ និងយន្តការស្ថាប័ន ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាស ធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការការពារជម្រក និងការស្តាជលផល និងការកាត់បន្ថយហាការបំពុលបរិស្ថាន និងការគ្រប់គ្រងសំណល់ទីក្រុង និងសំណល់សមុទ្រ៕

































