(តេហ្គូស៊ីហ្កាល់ប៉ា)៖ អតីតប្រធានាធិបតីហុងឌូរ៉ាស លោក Juan Orlando Hernandez បានត្រឡប់ទៅដល់ប្រទេសកំណើតរបស់លោកវិញហើយកាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ ៨ខែបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកទោសឱ្យលោកអំឡុងរូបលោកកំពុងអនុវត្តទោសជាប់ពន្ធនាគារ ៤៥ឆ្នាំនៅក្នុងសហរដ្ឋអាមេរិក ពីបទរត់ពន្ធអាវុធ និងគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Hernandez ដែលបានកាន់តំណែងជាប្រធានាធិបតីហុងឌូរ៉ាស ២អាណត្តិជាប់ៗគ្នាពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ Palmerola ស្ថិតនៅចម្ងាយ ៦០គីឡូម៉ែត្រពីភាគពាយព្យរដ្ឋធានីតេហ្គូស៊ីហ្កាល់ប៉ា តាមរយៈជើងហោះហើរឯកជន។ លោក Hernandez ត្រូវបានទទួលស្វាគមន៍ដោយសមាជិកគ្រួសាររបស់លោក ក្នុងនោះរួមមានទាំងម្ដាយ កូនស្រី និងប្រពន្ធរបស់លោក គឺលោកស្រី Ana Garcia ដែលធ្លាប់បានបរ៉ាជ័យក្នុងការប្រកួតប្រជែងដណ្ដើមយកតំណែងជាបេក្ខជនប្រធានាធិបតីសម្រាប់គណបក្សកាន់អំណាចរបស់លោកកាលពីឆ្នាំ២០២៥ ដោយចាញ់ក្រោមថ្វីដៃប្រធានាធិបតីបច្ចុប្បន្ន លោក Nasry Asfura។
ទោះជាត្រូវបានលោក ត្រាំ លើកលែងទោសក៏ដោយ តែលោក Hernandez ត្រូវបានរំពឹងថានឹងបង្ហាញខ្លួននៅចំពោះមុខតុលាការនៅថ្ងៃទី៣ ខែសីហាខាងមុខ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទក្លែងបន្លំ និងលាងលុយ។ ដីកាចាប់ខ្លួនរូបលោកត្រូវបានព្យួរកាលពីខែមិថុនា ដែលនេះមានន័យថាលោកនឹងមិនត្រូវបានចាប់ខ្លួន នៅពេលទៅដល់ហុងឌូរ៉ាសនោះទេ។
គួរបញ្ជាក់ថា លោក Hernandez ត្រូវបានអាជ្ញាធរហុងឌូរ៉ាសចាប់ខ្លួនក្នុងរដ្ឋធានីតេហ្គូស៊ីហ្កាល់ប៉ា កាលពីខែកុម្ភៈ ឆ្នាំ២០២២ និងត្រូវបានធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកក្នុងពេល ២ខែក្រោយមកទៀត ក្នុងឆ្នាំដដែលនោះ។ ក្នុងឆ្នាំ២០២៤ ចៅក្រមអាមេរិកម្នាក់បានផ្តន្ទាទោសរូបលោកដាក់ពន្ធនាគារ ៤៥ឆ្នាំ ពីបទចោទប្រកាន់រត់ពន្ធគ្រឿងញៀន និងអាវុធជាការចោទប្រកាន់មួយដែលលោកបានទាត់ចោល។ ការលើកលែងទោសរបស់លោក ត្រាំ ធ្វើឡើងនៅចុងឆ្នាំ២០២៥ កើតមានឡើងចំពេលការបោះឆ្នោតប្រធានាធិបតីហុងឌូរ៉ាសខិតជិតចូលមកដល់នៅពេលនោះ ជាហេតុធ្វើឱ្យបេក្ខជនប្រធានាធិបតីនាំមុខគេម្នាក់ និងជាផ្សេងទៀត រិះគន់ពីការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកក្នុងដំណើរការនយោបាយរបស់ហុងឌូរ៉ាស។ តែទោះជាយ៉ាងនេះក្ដី ការលើកលែងទោសរបស់លោក ត្រាំ មិនមានឥទ្ធិពលអ្វីលើការចោទប្រកាន់ប្រឆាំងនឹងលោក Hernandez នៅក្នុងប្រទេសហុងឌូរ៉ាសឡើយ៕





























