លោក នេតាន់យ៉ាហ៊ូ ថាបញ្ហាអ៊ីរ៉ង់គឺជារបៀបវារៈកំពូលក្នុងជំនួបជាមួយលោក ត្រាំ

(ហ្ស៊េរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃចន្ទ ដើម្បីជួបពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនេះជាជំនួបផ្ទាល់មុខលើកដំបូងបំផុត ចាប់តាំងពីសង្គ្រាមប្រឆាំងអ៊ីរ៉ង់បានផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មុនពេលចាកចេញ លោក នេតាន់យ៉ាហ៊ូ បានបញ្ជាក់តាមរយៈវីដេអូថា​ «ក្នុងកាលៈទេសៈដ៏ស្មុគស្មាញនេះ យើងនឹងពិភាក្សាពីបញ្ហាទាំងអស់ ជាពិសេសបញ្ហាអ៊ីរ៉ង់ ដែលជាអាទិភាពចម្បងដើម្បីធានាសន្តិសុខ និងពង្រីកសន្តិភាពនៅក្នុងតំបន់»។

ជំនួបនេះកើតឡើងបន្ទាប់ពីមេដឹកនាំទាំងពីរមានភាពរកាំរកូសនឹងគ្នា ដូចដែលបានបែកធ្លាយកាលពីខែមិថុនា ដែលលោក ត្រាំ បានប្រើពាក្យសម្តីជេរប្រមាថនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះតាមទូរស័ព្ទ។ ទោះជាយ៉ាងណា ដើម្បីជាការយកចិត្តលោក ត្រាំ វិញ កាលពីពេលថ្មីៗនេះ អ៊ីស្រាអែលបានយល់ព្រមឱ្យកងកម្លាំងសន្តិសុខបរទេសចូលទៅតំបន់ហ្គាហ្សា (Gaza) និងបានដកកងទ័ពខ្លះចេញពីភាគខាងត្បូងលីបង់ ស្របតាមបំណងរបស់រដ្ឋបាលអាមេរិក។

អ្នកវិភាគយល់ឃើញថា ជំនួបបង្ហាញភាពស្និទ្ធស្នាលរវាងមេដឹកនាំទាំងពីរនៅពេលនេះ គឺជារឿងដ៏សំខាន់សម្រាប់លោក នេតាន់យ៉ាហ៊ូ ក្នុងការស្តារប្រជាប្រិយភាពដែលកំពុងធ្លាក់ចុះយ៉ាងខ្លាំង ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជាតិនៅចុងខែតុលាខាងមុខ ខណៈដែលការគាំទ្រដល់អ៊ីស្រាអែលពីសំណាក់ពលរដ្ឋអាមេរិក ក៏កំពុងតែថយចុះដូចគ្នាដែរ៕