ក្រសួងទេសចរណ៍ ជូនដំណឹងពីការរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦» នៅខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៨ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦» នៅខេត្តស្ទឹងត្រែង។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណទីលានតេជោ-ធិបតី ទល់មុខសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សរ សុពុត អភិបាលខេត្តស្ទឹងត្រែង។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដើម្បីបន្តជំរុញ និងលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិ ក៏ដូចជាទាក់ទាញលំហូរភ្ញៀវទេសចរ ឱ្យទៅកម្សាន្តនៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦»

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖

ទី១៖ លើកកម្ពស់ និងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ភូមិភាគឦសាន
ទី២៖ ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសហគមន៍ទេសចរណ៍ ដោយបង្កើនឱកាសការងារ និងប្រភពចំណូលផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់
ទី៣៖ ចូលរួមគាំទ្រ និងផ្សព្វផ្សាយ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» ដើម្បីសម្រេចឱ្យបាននូវទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ក្នុងការទាក់ទាញលំហូរភ្ញៀវ និងរបាយទេសចរជាតិ-ទេសចរអន្តរជាតិពេញមួយឆ្នាំ និងគ្រប់រដូវកាល។

ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធិកអធម ក្រសួងទេសចរណ៍ ក៏បានរៀបចំនូវកម្មវិធីអមសំខាន់ៗ រួមមាន៖

*ស្តង់ពិព័រណ៍ម្ហូបអាហារ ផលិតផល និងមុខម្ហូបប្រចាំតំបន់ភូមិភាគឦសានដ៏មានឱជារស ផ្លែឈើធម្មជាតិប្រចាំរដូវកាល និងផលិតផលកែច្នៃរបស់សហគមន៍មូលដ្ឋាន
*វេទិកាជជែកស្ដីពី «សក្តានុពលអេកូទេសចរណ៍នៅភូមិភាគឦសានក្នុងរដូវកាលបៃតងឆ្នាំ២០២៦»
*កម្មវិធីកីឡាទេសចរណ៍រត់កម្សាន្តមហាជន ក្រោមប្រធានបទ «រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ៖ ផ្សាភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង»
*កម្មវិធីសម្ដែងទស្សនីយភាពសិល្បៈ និងការប្រគុំតន្ត្រី៕