
(សៀមរាប)៖ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តចូលរួមជាព្រះអធិបតីក្នុងកម្មវិធីចែកសក្ខីបត្រ ដល់សិស្ស «អាជីវកម្មសម្មាមគ្គ» ប្រចាំឆ្នាំ២០២៦ កម្រិតថ្នាក់បឋម ជំនាន់ទី៦ និងកម្រិតឧត្តម ជំនាន់ទី២។
ពិធីនេះដំណើរការ និងសម្របសម្រួលដោយលោកធម្មបណ្ឌិត ហេង មណីចិន្តា និងអញ្ជើញចូលរួមបើកកម្មវិធីដោយមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្ថិតក្នុងវត្តមានសិក្ខាកាមទាំងពីរកម្រិតផងដែរ។
ក្នុងឱកាសនោះផងដែរ ក៏បានអារាធនានិមន្តព្រះសង្ឃចំនួន ៧អង្គចម្រើនព្រះបរិត្ត ដោយបន្ទាប់មកបាននិមន្តសម្តេចព្រះព្រហ្មរតនមុនី ប្រទាននូវព្រះឱវាទដើម្បីជាប្រទីបបំភ្លឺផ្លូវ និងជាសិរីមង្គលដល់សិក្ខាកាម និងក្រុមគ្រួសារពួកគាត់ផងដែរ។

ក្នុងឱកាសនោះ មហាឧបាសក អៀង សុធារ៉ា បានបញ្ជាក់ថា ការសិក្សាពី «អាជីវកម្មសម្មាមគ្គ» សំដៅលើការពិភាក្សា ការសិក្សា ស្រាវជ្រាវ និងការអនុវត្តធម៌ ដើម្បីទទួលបាននូវសេចក្តីសុខ និងសុភមង្គលក្នុងជីវិតរស់នៅប្រចាំថ្ងៃ តាមរយៈការអប់រំ ការប្រៀនប្រដៅ និងការប្រតិបត្តិនៃមាគ៌ាព្រះធម៌ឱ្យបានត្រឹមត្រូវ ព្រោះការតម្កល់ចិត្តត្រូវ, ការបដិបត្តិដូចនេះនឹងជួយឱ្យជីវិតឯកជន ជីវិតគ្រួសារ និងជីវិតការងារ ជីវិតក្រុមហ៊ុន បានសេចក្តីសុខ។
សូមជម្រាបថា ពិធីនេះប្រព្រឹតទៅនៅកុដិលេខ១ ក្នុងវត្តរាជបូណ៌ ក្រុងសៀមរាប នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែទតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦៕



































