
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ មុនពេលជំនួបរបស់ពួកគេនៅសេតវិមាននៅថ្ងៃអង្គារ បន្ទាប់ពីរបៀបវារៈដែលភាគីអ៊ីស្រាអែលគ្រោងនឹងលើកឡើង ត្រូវបានបែកធ្លាយជាសាធារណៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សារព័ត៌មាន New York Post បានរាយការណ៍ថា លោក នេតាន់យ៉ាហ៊ូ គ្រោងនឹងផ្តល់ព័ត៌មានសម្ងាត់ប្រាប់លោក ត្រាំ ថា អ៊ីរ៉ង់កំពុងបន្តអភិវឌ្ឍរោងចក្រនុយក្លេអ៊ែរនៅភ្នំ Pickaxe និងកំពុងកុហកអំពីការចង់បានកិច្ចព្រមព្រៀងសន្តិភាព។ ឆ្លើយតបនឹងការបែកធ្លាយនេះ លោក ត្រាំ បានរិះគន់តាមទូរទស្សន៍ Fox News ថា លោកមិនត្រូវការឱ្យលោក នេតាន់យ៉ាហ៊ូ មកប្រាប់រឿងនេះទេ ហើយបានបន្ទោសថា «ហេតុអ្វីមិនចាំប្រាប់ខ្ញុំផ្ទាល់ទៅ? ហេតុអ្វីចាំបាច់ប្រកាសប្រាប់ពិភពលោកធ្វើអី?»។
គួរបញ្ជាក់ថា ការរិះគន់នេះ ឆ្លុះបញ្ចាំងពីការកើនឡើងនូវភាពខកចិត្តរបស់សេតវិមាន ចំពោះភាពជាប់គាំងនៃការស្វែងរកដំណោះស្រាយសន្តិភាពនៅមជ្ឈិមបូព៌ា និងការរិះគន់ពីអ្នកគាំទ្រលោក ត្រាំ មួយចំនួន ដែលមិនចង់ឱ្យអាមេរិកលូកដៃជ្រៅក្នុងសង្គ្រាមនេះ៕





























