រុស្ស៊ីអះអាងថាបានវាយប្រហារនាវាអ៊ុយក្រែន ២គ្រឿង នៅសមុទ្រខ្មៅ និងវាយប្រហារកំពង់ផែ Mykolaiv

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃអង្គារ បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារទៅលើនាវាអ៊ុយក្រែនយ៉ាងហោចណាស់ចំនួន ២គ្រឿង រួមមាន នាវាដឹកទំនិញស្ងួតមួយគ្រឿងដែលកំពុងដឹកជញ្ជូនទំនិញយោធានៅក្នុងសមុទ្រខ្មៅ និងនាវាមួយគ្រឿងទៀតនៅកំពង់ផែ មីកូឡាវ (Mykolaiv)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង ការវាយប្រហារដោយប្រើប្រាស់គ្រាប់បែក និងយន្តហោះដ្រូនក៏បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងកំពង់ផែ Mykolaiv ដែលអ៊ុយក្រែនប្រើសម្រាប់ដឹកជញ្ជូន និងស្តុកទុកទំនិញយោធា ព្រមទាំងអាងស្តុកប្រេងឥន្ធនៈ និងប្រេងរំអិលសម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនផងដែរ។

បន្ថែមពីនេះ ក្រសួងបានបញ្ជាក់ថា ដ្រូនរបស់ខ្លួនក៏បានវាយប្រហារនាវាដឹកទំនិញស្ងួតមួយគ្រឿង ដែលកំពុងដឹកទំនិញយោធាឆ្ពោះទៅកាន់កំពង់ផែអូដេសា (Odesa) និងកំពង់ផែឈរណូម៉រ (Chornomorsk) នៅក្នុងតំបន់ច្រកសមុទ្រ (ចម្ងាយ ១១គីឡូម៉ែត្រភាគខាងកើតទីក្រុង Odesa)។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបង្កើនសកម្មភាពយោធារបស់ខ្លួនយ៉ាងខ្លាំង នៅក្នុងនិងជុំវិញសមុទ្រខ្មៅ ព្រមទាំងសមុទ្រអាហ្សូវ (Sea of Azov) ដោយភាគីនីមួយៗបានវាយប្រហារលើនាវារាប់សិបគ្រឿង រួមមានទាំងនាវាដឹកប្រេង និងនាវាដឹកទំនិញផងដែរ៕