លោក ត្រាំ ទទួលស្វាគមន៍លោក ហ្សេឡេនស្គី មុនពិធីបុណ្យសពសមាជិកព្រឹទ្ធសភាអាមេរិក ដែលគាំទ្រអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ បានទទួលស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅសេតវិមាន មុនពេលចូលរួមពិធីបុណ្យសពរបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក ឡីនសេ ហ្គ្រាហាម (Lindsey Graham) ដែលជាបុគ្គលដ៏សំខាន់ក្នុងការជំរុញអាមេរិកឱ្យគាំទ្រអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏ល្អសម្រាប់លោក ហ្សេឡេនស្គី ក្នុងការស្វែងរកការគាំទ្រយោធាបន្ថែម ខណៈអ៊ុយក្រែនកំពុងបារម្ភចំពោះភាពយឺតយ៉ាវនៃការផ្តល់ជំនួយរបស់អាមេរិក។ នៅក្នុងជំនួបជាឯកជន លោក ហ្សេឡេនស្គី ត្រូវបានគេរំពឹងថានឹងជំរុញឱ្យអាមេរិកផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ទាន់ ពន្លឿនកិច្ចព្រមព្រៀងទិញដ្រូន និងពិភាក្សាពីការអនុញ្ញាតឱ្យអ៊ុយក្រែនមានសិទ្ធិផលិតមីស៊ីលស្ទាក់ចាប់ Patriot។

ការស្នើសុំនេះធ្វើឡើងចំពេលដែលឯកសារពីមន្ទីរបញ្ចកោណបានបង្ហាញថា រដ្ឋបាលលោក ត្រាំ នឹងពន្យារពេលបញ្ចេញកញ្ចប់ថវិកាជំនួយ ៤០០លានដុល្លារដែលបានអនុម័តរួច រហូតដល់ឆ្នាំ២០២៩ ឯណោះ ទោះបីជាអ៊ុយក្រែនកំពុងខ្វះខាតអាវុធដើម្បីទប់ទល់នឹងរុស្ស៊ីយ៉ាងណាក្តី ដែលការណ៍នេះកំពុងរងការរិះគន់យ៉ាងខ្លាំងពីសមាជិកសភាអាមេរិក។

គួរបញ្ជាក់ថា ក្រៅពីជំនួបជាមួយលោក ត្រាំ លោក ហ្សេឡេនស្គី ក៏គ្រោងនឹងទៅកាន់វិមានកាពីតូល (U.S. Capitol) ដើម្បីជួបពិភាក្សាជាមួយសមាជិកព្រឹទ្ធសភាអាមេរិកជាច្រើនរូបទៀតផងដែរ មុននឹងចូលរួមពិធីបុណ្យសពនៅពេលរសៀល៕