(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ នៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសថាកងទ័ពអាមេរិកបានផ្ដល់កុងត្រាមានតម្លៃ ៥៨,៦ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុន Lockheed Martin ដើម្បីផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ក្នុងពេលដែលសង្រ្គាមអ៉ីរ៉ង់ និងអ៊ុយក្រែនបានធ្វើឱ្យស្ដុកអាវុធអាមេរិករងសម្ពាធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សហរដ្ឋអាមេរិកបានផ្គត់ផ្គង់អាវុធក្នុងចំនួនដ៏ច្រើនទៅឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ហើយក៏ប្រើប្រាស់អាវុធជាច្រើនក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ផងដែរដោយបង្កើនឱ្យមានការព្រួយបារម្ភពីថយចុះស្ដុកអាវុធ ជាពិសេស គឺអាវុធសម្រាប់ប្រព័ន្ធការពារដែនអាកាស និងអាវុធទំនើបៗបំពាក់ប្រព័ន្ធ GPS។ ក្រុមហ៊ុន Lockheed Martin ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងផលិតអាវុធ ប៉ុន្តែបាននិយាយថាសភាអាមេរិកគួរតែទម្លាក់កញ្ចប់ថវិកាជាមុនសិន ដើម្បីអាចឱ្យពួកគេវិនិយោគបន្ថែមលើគ្រឿងបរិក្ខារ និងបង្កើនសមត្ថភាពផលិត។
គួរបញ្ជាក់ថា បើតាមមន្ទីរបញ្ចកោណ លក្ខខណ្ឌជាក់លាក់ និងកាលបរិច្ឆេទប្រគល់អាវុធកំពុងស្ថិតនៅក្រោមការចរចានៅឡើយ។ កិច្ចព្រមព្រៀងអាវុធស្រដៀងគ្នានេះដែរក៏ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុន Raytheon ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RTX ដើម្បីជំរុញការផលិតមីស៊ីលគ្រូស Tomahawk ដោយបង្កើនការផលិតមីស៊ីលដ៏ទំនើបនេះដែលបច្ចុប្បន្នអាចផលិត ៦០គ្រាប់ក្នុងមួយឆ្នាំ ឱ្យដល់ ១០០០គ្រាប់ក្នុងមួយឆ្នាំនៅពេលអនាគត៕





























