តុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាប់រាន និងទន្ទ្រានយកដីព្រៃឈើធម្មជាតិ

ខេត្តព្រះវិហារ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នលើជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទល្មើសកាប់ឆ្ការ រាន និងទន្ទ្រានយកដីព្រៃឈើក្នុងតំបន់ការពារធម្មជាតិ ដែលជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៥៦១/២០២៦ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ចេញដោយលោក ជឹម សុជាតា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ កេះ គីន (ហៅ តាវៀច) ភេទប្រុស កើតឆ្នាំ១៩៨១ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិអូរ រុំដួល ឃុំរំដួល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ (ទីកន្លែងកំណើត៖ ភូមិប៉ាសុីឃុំឃ្យាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ)។
ជនត្រូវចោទត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ៖ ដុតឆ្ការ ព្រៃលិចទឹក រាន ឆ្ការ ដុត ឬប្រមូលផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត និងបទ កាប់ ឆ្ការ រាស់ ជ្រោយ ជីក ដុត បំពុល ធ្វើឱ្យខូចខាត គាស់រំលើង ឬកាប់បំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដល់ទី៤ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ព្រឹករុក្ខជាតិក្នុងតំបន់អភិរក្ស ដែលបានប្រព្រឹត្តនៅចំណុចអូរដា ត្រង់ចំណុចកូអរដោនេ (៤៥៧០៦២-១៥៨០៧២) ស្ថិតនៅក្នុងភូមិអាងដូង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពនេះជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម មាត្រា ៥០ ចំណុច ង និង មាត្រា ៥៧ ចំណុច ខ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
ផ្អែកលើមាត្រា ២០៦, ២១៤, ២២១ និងមាត្រា ២២២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នលេខ ៥៣០/២០២៦ លោកចៅក្រមស៊ើបសួរបានបង្គាប់៖
១. ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ កេះ គីន ទៅពន្ធនាគារខេត្តព្រះវិហារ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
២. ឱ្យប្រធានពន្ធនាគារខេត្តព្រះវិហារ ទទួល និងឃុំខ្លួនជននេះរហូតដល់មានសម្រេចផ្សេងពីនេះ។
៣. ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់៕ដោយ សួន ពិសិត