(ការ៉ាកាស)៖ អតីតមេដឹកនាំវ៉េណេស៊ុយអេឡាដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅសហរដ្ឋអាមេរិក លោក Nicolas Maduro នៅថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ បានស្វាគមន៍គ្រប់ការបោះជំហានឆ្ពោះទៅរកកិច្ចសន្ទនា នៅមុនកិច្ចប្រជុំមួយគាំទ្រដោយសហរដ្ឋអាមេរិក ដែលត្រូវបានរំពឹងថានឹងធ្វើឡើងក្នុងសប្ដាហ៍នេះរវាងក្រុមអ្នកតំណាងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា និងមេដឹកនាំគណបក្សប្រឆាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Maduro និងភរិយារបស់លោក គឺលោកស្រី Cilia Flores ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាត់ទោសនៅសហរដ្ឋអាមេរិក អំឡុងប្រតិបត្តិការវាយឆ្មក់មួយរបស់យោធាអាមេរិក កាលពីខែមករា និងកំពុងជាប់ឃុំក្នុងពន្ធនាគារនៅក្នុងទីក្រុងញូវយ៉ក រង់ចាំសវនាការកាត់ទោសលើបទចោទប្រកាន់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន និងអាវុធខុសច្បាប់។ ប៉ុន្តែអ្នកទាំង២ បានច្រានចោលការចោទប្រកាន់ទាំងនេះ។
ក្នុងការបង្ហោះមួយលើគណនី Telegram ផ្លូវការរបស់ខ្លួន លោក Maduro បានគូសបញ្ជាក់ថា «យើងស្វាគមន៍រាល់ជំហានឆ្ពោះទៅរកកិច្ចសន្ទនាដែលពង្រឹងសន្តិភាព ការរួមរស់ជាមួយគ្នា និងការផ្សះផ្សាររបស់វ៉េណេស៊ុយអេឡា»។ ភ្លាមៗមិនទាន់មានការបញ្ជាក់ឱ្យបានច្បាស់ថាតើលោក Maduro មានអាយុ ៦៣ឆ្នាំ អាចបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមបានដោយរបៀបណានោះទេ? តែកន្លងមក មានសេចក្ដីរាយការណ៍ថាអតីតមេដឹកនាំ វ៉េណេស៊ុយអេឡារូបនេះបានទំនាក់ទំនងជាប្រចាំទៅកាន់ក្រុមមេធាវីរបស់លោក ខណៈរង់ចាំសវនាការកាត់ទោស ក្នុងតុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Maduro កើតមានឡើងចំពេលដ៏សំខាន់ដែលរដ្ឋាភិបាលវ៉េណេស៊ុយអេឡា និងគណបក្សប្រឆាំងបានប្រកាសកាលពីថ្ងៃទី១ ខែសីហាថាពួកគេនឹង បើកិច្ចចរចាលើនយោបាយអន្តរកាល ដែលត្រូវបានរំពឹងថានឹងធ្វើឡើងក្នុងសប្ដាហ៍នេះនៅឯទីក្រុងការ៉ាកាស៕





























