លោក ត្រាំ ឱ្យឱកាសចុងក្រោយដល់អ៉ីរ៉ង់ ដើម្បីបញ្ចៀសផលវិបាកដ៏មហន្តរាយ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ នៅតែទទូចដដែលថាកិច្ចចរចាជាមួយអ៉ីរ៉ង់កំពុងប្រព្រឹត្តទៅ បើទោះជាមានការបដិសេធពីទីក្រុងតេហេរ៉ង់ក៏ដោយ ហើយថាអ៉ីរ៉ង់កំពុងប្រឈមមុខនឹងឱកាសចុងក្រោយ មុននឹងត្រូវពើបប្រទះនឹងផលវិបាកដ៏មហន្តរាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ ក្នុងពេលថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន បាននិយាយថាលោកបានយល់ព្រមបន្តកិច្ចចរចាជាមួយអ៉ីរ៉ង់ តបតាមសំណើរបស់អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា និងបណ្ដាប្រទេសដទៃទៀត។ ក្រសួងការបរទេសអ៉ីរ៉ង់កាលពីថ្ងៃចន្ទផងដែរ បានច្រានចោលចំពោះព័ត៌មានដែលថាកិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោនកំពុងប្រព្រឹត្តទៅ។ ប៉ុន្តែលោក ត្រាំ នៅតែទទូចថាកិច្ចចរចាពិតជាកំពុងធ្វើឡើងពិតមែន។ «យើងកំពុងស្ថិតក្នុងកិច្ចចរចាអំឡុងពេលនេះ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។ លោកប្រធានាធិបតីអាមេរិកបានបន្ថែមថា «នេះជាការឱកាសចុងក្រោយសម្រាប់ពួកគេ (អ៉ីរ៉ង់) ដើម្បីចុះហត្ថលេខាលើឯកសារដ៏ល្អមួយ។ ខ្ញុំចង់ផ្ដល់ឱ្យពួកគេនូវឱកាសចុងក្រោយ មុននឹងមានផលវិបាកដ៏មហន្តរាយ»។

គួរបញ្ជាក់ថា បើតាមលោក ដូណាល់ ត្រាំ កិច្ចចរចាជាមួយអ៉ីរ៉ង់បានផ្ដោតជាសំខាន់លើការបើកច្រកសមុទ្រ Hormuz ហើយដែលច្រកសមុទ្រនេះអាចនឹងត្រូវបានបើកឡើងវិញក្នុងពេលឆាប់ៗ រីឯការរំសាយនុយក្លេអ៊ែរអ៉ីរ៉ង់អាចនឹងត្រូវចំណាយពេលបន្តិចបន្តួច៕