(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកពីការប្រើប្រាស់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានអំពីសកម្មភាពសាយប័ររបស់ទីក្រុងព្យុងយ៉ាង ដើម្បីមួលបង្កាច់បង្ខូចកិត្តិយសរបស់កូរ៉េខាងជើង និងជាលេសដើម្បីដាក់សម្ពាធលើរដ្ឋអធិបតេយ្យមួយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីអ្នកនាំពាក្យម្នាក់ក្រសួងការបរទេសកូរ៉េខាងជើង។ អ្នកនាំពាក្យរូបនេះបានចាត់ទុកការព្រមានរួមគ្នាមួយដឹកនាំដោយសហរដ្ឋអាមេរិក ជុំវិញការគំរាមកំហែងពីសកម្មភាពសាយប័ររបស់កូរ៉េខាងជើង គឺជាការចោទប្រកាន់មានចរិតនយោបាយ ហើយល៏បានរិះគន់ផងដែរលើយន្ដការតាមដានការដាក់ទណ្ឌកម្មមួយប្រឆាំងនឹងកូរ៉េខាងជើងបង្កើតឡើងដោយសហរដ្ឋអាមេរិក និងប្រទេសជាដៃគូ។
ប្រតិកម្មរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន និងប្រទេសចំនួន៨ផ្សេងទៀតកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានចេញសារព្រមានរួមគ្នាមួយថាអ្នកបច្ចេកទេស IT របស់កូរ៉េខាងជើងបាន និងកំពុងប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយដើម្បីទទួលបានការងារធ្វើពីចម្ងាយ និងរកចំណូលសម្រាប់ផ្គត់ផ្គង់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគរបស់ទីក្រុងព្យុងយ៉ាង។
នៅក្នុងការព្រមាននេះ សហរដ្ឋអាមេរិក និងប្រទេសជាដៃគូក៏បានបង្ហើបដែរថាអ្នកបច្ចេកទេស IT កូរ៉េខាងជើងដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប ដូចជា AI ដើម្បីបិទបាំងសកម្មភាពរបស់ពួកគេ អាចនឹងបង្កការគំរាមកំហែងដល់បណ្ដាក្រុមហ៊ុន រួមមានការចូលលួចទិន្នន័យ ការលួចរូបិយបណ្ណគ្រីបតូ និងការលួចព័ត៌មានសំខាន់ៗ៕





























