(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានជូនដំណឹងដល់ព្រឹទ្ធសភា អំពីគម្រោងបិទបេសកកម្មការទូតចំនួន ៥ ដែលជាការកាត់បន្ថយដ៏កម្រមួយនៃវត្តមានការទូតសកលរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦។

ប្រភពបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅក្នុងសេចក្តីជូនដំណឹងទៅកាន់គណៈកម្មាធិការព្រឹទ្ធសភា ចុងសប្តាហ៍មុន ក្រសួងការបរទេសបានឱ្យដឹងថា ខ្លួនគ្រោងបិទស្ថានទូតប្រចាំទីក្រុង St. George ប្រទេសហ្រ្គើណាដ ស្ថានកុងស៊ុលប្រចាំទីក្រុង Nagoya ប្រទេសជប៉ុន ស្ថានកុងស៊ុលប្រចាំទីក្រុង Medan ប្រទេសឥណ្ឌូណេស៉ី សាខាស្ថានទូតប្រចាំទីក្រុង Douala ប្រទេសកាមេរូន និងស្ថានកុងស៊ុលប្រចាំទីក្រុង Winnipeg ប្រទេសកាណាដា។
ឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយកាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយ ដែលមិនបញ្ជាក់ពីការគម្រោងបិទនោះទេ ប៉ុន្តែបានលើកឡើងថា ខ្លួនកំពុងផ្តោតលើការធានាថាវត្តមានការទូតរបស់ប្រទេស មានប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្រសួងបន្ថែមថា ខ្លួនប្តេជ្ញាអនុវត្តតាមនីតិវិធីជូនដំណឹងរបស់សភា។
គួរបញ្ជាក់ថា នាដើមអាណត្តិទី២នៃរដ្ឋបាលលោកត្រាំ ក្រសួងការបរទេសបានប្រកាសពីការត្រៀម បិទបេសកកម្មបរទេសជាង ១០ ដែលជាផ្នែកមួយនៃការជំរុញរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីកែទម្រង់ការិយាធិបតេយ្យអាមេរិក ឱ្យស្របទាំងស្រុងជាមួយគោលនយោបាយ «America First»៕





























