តួកគីយ៉េអំពាវនាវឱ្យរុស្ស៊ី និងអ៊ុយក្រែនធានាសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខ្មៅ ក្រោយនាវារបស់ខ្លួនរងការវាយប្រហារដោយដ្រូន

(អង់ការ៉ា)៖ ប្រទេសតួកគីយ៉េនៅថ្ងៃអង្គារ បានចេញមុខអំពាវនាវឱ្យប្រទេសរុស្ស៊ី និងអ៊ុយក្រែន ចាត់វិធានការជាបន្ទាន់ដើម្បីធានាសុវត្ថិភាពដល់ការធ្វើនាវាចរណ៍នៅក្នុងតំបន់សមុទ្រខ្មៅ បន្ទាប់ពីដ្រូនបានវាយប្រហារចំលើនាវាកម្មសិទ្ធិរបស់តួកគី ដែលបណ្តាលឱ្យនាវិក ៣នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្បែរកំពង់ផែ Novorossiysk របស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការបរទេសតួកគីយ៉េ បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកំណត់គោលដៅវាយប្រហារមកលើនាវាស៊ីវិលនៅក្នុងសមុទ្រខ្មៅ បើទោះបីជាទីក្រុងអង់ការ៉ា បានចេញ «ការព្រមានជាច្រើនលើកច្រើនសារ» ក៏ដោយ។ ក្រសួងក៏បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះស្ថានភាពសុខភាពរបស់ពលរដ្ឋខ្លួន ដែលរងគ្រោះនៅក្នុងហេតុការណ៍នេះ៕