(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត តួកគីយ៉េ និងប៉ាគីស្ថាន នឹងចុះហត្ថលេខាកិច្ចព្រមព្រៀងការពារជាតិរួមមួយ នៅក្នុងទីក្រុង Jeddah នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមប្រភពជិតស្និទ្ធនឹងយោធាអារ៉ាប៊ីសាអូឌីត ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦។

មហាអំណាចក្នុងតំបន់កំពុងព្យាយាមពង្រឹងទំនាក់ទំនងសន្តិសុខ នៅចំពោះមុខផលវិបាកកើតឡើងចេញពីសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដែលបានធ្វើឱ្យក្រុមប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្សត្រូវកៀបជាប់នៅចំកណ្ដាលនៃសង្រ្គាមនេះ។ ប្រភពសិ្នទ្ធនឹងយោធាអារ៉ាប៊ីសាអូឌីតបានប្រាប់ AFP ថា «កិច្ចព្រមព្រៀងស្ថិតនៅក្រោមកិច្ចពិភាក្សាអស់រយៈពេលជាយូរមកហើយ។ ប៉ុន្តែស្ថានការណ៍វិវត្តន៍ចុងក្រោយនៅក្នុងតំបន់បានបង្កើនលឿនល្បឿនកិច្ចពិភាក្សា»។ ដោយឡែក ប្រភពមួយផ្សេងទៀតស្និទ្ធនឹងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក៏បានទទួលស្គាល់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែរថាកិច្ចព្រមព្រៀងនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃសុក្រនេះ។
ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ត្រូវបានរំពឹងថានឹងជួបជាមួយប្រធានាធិបតីតួកគីយ៉េ លោក Recep Tayyip Erdogan និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif ក្នុងទីក្រុង Jeddah។ បើតាមវិមានប្រធានាធិបតីតួកគី លោក Sharif និងប្រមុខកងទ័ពប៉ាគីស្ថាន លោក Asim Munir បានធ្វើដំណើរទៅដល់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សម្រាប់ការបំពេញទស្សនកិច្ចដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ខណៈលោក Erdogan ត្រូវបានរំពឹងថានឹងទៅដល់អារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថានបានប្រកាសរួចហើយពីការចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក កាលពីឆ្នាំ២០២៥ ជាកិច្ចព្រមព្រៀងដ៏ភ្ញាក់ផ្អើលមួយ ពីព្រោះប៉ាគីស្ថាន គឺជាប្រទេសមូស្លីមតែមួយគត់ដែលមានអាវុធនុយក្លេអ៊ែរ៕





























